បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃច័ន្ទ ចូលទៅក្នុងអគារលំនៅដ្ឋានមួយនៅទីក្រុងកំពង់ផែ Yeysk ភាគខាងត្បូង នៃតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មានរដ្ឋ RIA Novosti បានរាយការណ៍ថា ក្រសួងការពារជាតិ រុស្ស៊ី បាននិយាយថា យន្តហោះចម្បាំងប្រភេទ Su-34 បានធ្លាក់បន្ទាប់ពីហោះចេញ ពីអាកាសយានដ្ឋាន ក្នុងស្រុក សម្រាប់ការហោះហើរហ្វឹកហាត់។
មនុស្ស ១៣នាក់បានស្លាប់ និង ១៩នាក់បានរងរបួស, នេះបើយោងតាមមន្ត្រីក្រសួងសុខាភិបាលដែលដកស្រង់សម្តីដោយ Interfax កាលពីថ្ងៃអង្គារ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បាននិយាយថា ការធ្លាក់នេះប្រហែលជាបណ្តាលមកពី “ដំណើរការខុសបច្ចេកទេសគ្រឿងម៉ាស៊ីន” ។
គេបានបើកការស៊ើប អង្កេតព្រហ្មទណ្ឌលើការ រំលោភច្បាប់ហោះហើរ ដែលអាចកើតមាន ហើយបាន “រឹបអូសយកគំរូប្រេង នៅឯអាកាសយានដ្ឋាន ចេញដំណើរ” និង “ម៉ាស៊ីនថតយន្តហោះ នៅកន្លែងធ្លាក់យន្តហោះ” ៕