តូក្យូ៖ មន្ត្រីយោធាកំពូលរបស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដើម្បីរក្សា “កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលសន្តិសុខទ្វេភាគី និងពហុភាគីប្រកបដោយប្រសិទ្ធភាព” ដើម្បីដោះស្រាយជាមួយនឹង ការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ឧត្តមសេនីយ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ របស់សហរដ្ឋអាមេរិក បានបញ្ជាក់សារជាថ្មីអំពី “ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក” ដើម្បីការពារសម្ព័ន្ធមិត្តអាស៊ីបូព៌ាទាំងពីរ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងវ៉ាស៊ីនតោន ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ឧត្តមសេនីយ៍ Koji Yamazaki និង ឧត្តមសេនីយ៍ Kim Seung Kyum នេះបើតាមរដ្ឋាភិបាលអាមេរិក និងជប៉ុន។
កិច្ចពិភាក្សានេះបានកើតឡើង នៅពេលដែលកូរ៉េខាងជើង បាននឹងកំពុងបាញ់មីស៊ីលផ្លោង ក្នុងល្បឿនដែលមិនធ្លាប់ មានតាំងពីដើមឆ្នាំនេះមក ជាមួយនឹងការរំពឹងទុកកើនឡើងថា ប្រទេសនេះនឹងអាចអនុវត្តការ សាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួនក្នុងពេលឆាប់ៗនេះ ហើយជាលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ ។
បន្ទាប់ពីមានសកម្មភាព បង្កហេតុជាបន្តបន្ទាប់ ដោយទីក្រុងព្យុងយ៉ាង សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កំពុងជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិ ដោយធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក រួមគ្នាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំនៅចុងខែកញ្ញា ក៏ដូចជាសមយុទ្ធរួមគ្នា ដើម្បីតាមដានមីស៊ីលផ្លោងនៅដើមខែនេះ។
សម្ព័ន្ធមិត្ដបានយល់ស្របថា សម្ព័ន្ធភាពត្រីភាគីរបស់ពួកគេមាន សារៈសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងដើម្បីធានាបាននូវ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ដែលជាចក្ខុវិស័យដែលត្រូវបាន ផ្សព្វផ្សាយដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា