បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបញ្ជាក់អំពីតម្រូវការ របស់ខ្លួនយ៉ាងហោចណាស់ ៤ពាន់លានអឺរ៉ុប បន្ថែមទៀត សម្រាប់ត្រៀមឆ្លងកាត់រដូវ រងាខាងមុខនេះ។
ការប្រកាសអះអាង ដែលធ្វើឡើងដោយរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារ អភិវឌ្ឍសហគមន៍ និងដែនដី របស់អ៊ុយក្រែន លោក Oleksiy Chernyshov ដោយលោកបានថ្លែង បែបនេះថា ពួកយើងត្រូវការលុយ ប្រមាណជា៤ពាន់លានអឺរ៉ូ ដើម្បីអាចឆ្លងកាត់រដូវរងានេះ ដែលនឹងយកទៅប្រើប្រាស់ ដូចជាការងារជួសជុលលំនៅដ្ឋាន ការគាំទ្រសេវាកម្ម សុខភាព និងការផ្គត់ផ្គង់ថាមពល។
លោកបន្តថា ក្រៅពីនោះអ៊ុយក្រែន ក៏កំពុងខ្វះខាត ទៅលើឧបករណ៍ សម្រាប់ផ្គត់ផ្គង់និងចែកចាយទឹក ស្ថានីយចល័ត សម្រាប់ការផ្គត់ផ្គង់ទឹក និងធ្វើអនាម័យទឹកស្អាត ប្រើប្រាស់ ព្រមទាំងស្ថានីយ ផ្តល់កំដៅចល័ត ព្រមទាំងម៉ាស៊ីនភ្លើង និងម៉ាស៊ីនកំដៅជាច្រើនទៀតផងដែរ៕
គួរឲ្យដឹងដែរថា អ៊ុយក្រែន បានជួបប្រទះទៅនឹងបញ្ហា វិបត្តិថាមពលចាប់ តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិយោធា ពិសេសកាលពីខែកុម្ភៈ មកម្ល៉េះហើយថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា មកដល់ពេលនេះរុស្សី បានវាយប្រហារបំផ្លាញ ស្ថានីយអគ្គិសនីរបស់ខ្លួន ដល់ទៅ៣០ភាគរយ មកហើយ៕
ប្រែសម្រួល៖ស៊ុនលី