ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀម​ខ្លួន សម្រាប់​ការ​ចរចា​ជាមួយ ​អ៊ុយក្រែន ជុំវិញ​ការ​អះអាងពីផ្គត់ផ្គង់ ​យន្តហោះ​ដ្រូនទៅ​កាន់រុស្ស៊ី

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានច្រានចោលការអះអាង “គ្មានមូលដ្ឋាន” នៃការផ្គត់ផ្គង់យន្តហោះដ្រូន របស់អ៊ីរ៉ង់ដល់ប្រទេសរុស្ស៊ី ដោយបង្ហាញពីការត្រៀមខ្លួន របស់ទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងគៀវ លើការចោទប្រកាន់បែបនេះ។

លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីបេឡារុស្ស ដែលកំពុងបំពេញទស្សនកិច្ច របស់លោក Vladimir Makei នៅទីក្រុងតេអេរ៉ង់ ។

លោកត្រូវបានដកស្រង់ដោយ Press TV ថា “យើងច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការអះអាងគ្មានមូលដ្ឋាន របស់ប្រទេសមួយចំនួនលើការ ប្រើប្រាស់យន្តហោះដ្រូន របស់អ៊ីរ៉ង់ក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។ យើងសូមអញ្ជើញអាជ្ញាធរអ៊ុយក្រែន ឱ្យចូលរួមកិច្ចប្រជុំទ្វេភាគីនៃអ្នកជំនាញ និងបង្ហាញភស្តុតាងណាមួយ ដែលគាំទ្រការចោទប្រកាន់នេះ” ។

លោកបានបន្ថែមថា គោលនយោបាយជា គោលការណ៍របស់អ៊ីរ៉ង់ គឺប្រឆាំងនឹងការបំពាក់អាវុធ ដល់ភាគីណាមួយដែលពាក់ព័ន្ធនឹង ជម្លោះក្នុងប្រទេសអ៊ុយក្រែន លោកបានបន្ថែមថា លោកបានរំលឹកឡើងវិញនូវ ការប្រឆាំងរបស់ទីក្រុងតេអេរ៉ង់ ចំពោះជម្លោះដែលកំពុងបន្ត។

អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ពីការនាំចេញយន្តហោះដ្រូន អត្តឃាតទៅកាន់ទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងជម្លោះ ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

ដោយកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងៗគ្នា រួមទាំងវិស័យការពារជាតិរវាងអ៊ីរ៉ង់ និងរុស្ស៊ី លោក Amir-Abdollahian បានឲ្យដឹងថា “កាលពីមុន យើងបានយកអាវុធពីរុស្ស៊ី ហើយបានផ្តល់អាវុធឱ្យវាផងដែរ ប៉ុន្តែមិនមែនក្នុងអំឡុង ពេលសង្រ្គាមអ៊ុយក្រែននោះទេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top