ព័ត៌មានអន្តរជាតិ

តួកគី ពិន័យក្រុមហ៊ុន Meta ជាង ១៨លានដុល្លារ សម្រាប់ការបំពានច្បាប់ ប្រកួតប្រជែង

អង់ការ៉ា ៖ អាជ្ញាធរ ប្រកួតប្រជែង របស់តួកគី បានប្រកាសថា ខ្លួនបានពិន័យ Meta Platforms Inc. ចំនួន ៣៤៦,៧២លានលីរ៉ា (១៨,៦៣លាន ដុល្លារអាមេរិក) សម្រាប់ការបំពានច្បាប់ ប្រកួតប្រជែង។

អាជ្ញាធរតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបានរួមបញ្ចូលគ្នា នូវទិន្នន័យដែលប្រមូល បានពីកម្មវិធីចំនួនបីរបស់ខ្លួនគឺ Facebook, Instagram និង WhatsApp ដែលបានធ្វើឱ្យស្មុគស្មាញ ដល់សកម្មភាពរបស់ដៃគូ ប្រកួតប្រជែងរបស់ខ្លួន និងបង្កើតឧបសគ្គ ក្នុងការចូលទីផ្សារ។

ក្រុមឃ្លាំមើលបានកត់សម្គាល់ថា ក្រុមហ៊ុនបានកាន់កាប់មុខតំណែង លេចធ្លោនៅក្នុងសេវាកម្មបណ្តាញ សង្គមផ្ទាល់ខ្លួន សេវាកម្មទំនាក់ទំនងអតិថិជន និងទីផ្សារផ្សាយពាណិជ្ជកម្ម តាមវីដេអូអនឡាញ ។

ការផាកពិន័យ គឺផ្អែកលើប្រាក់ចំណូល របស់ក្រុមហ៊ុននៅឆ្នាំ២០២១ ហើយក្រុមហ៊ុនអាចជំទាស់នឹង ការសម្រេចចិត្តនេះ ក្នុងរយៈពេល ៦០ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

អាជ្ញាធរបានចាប់ផ្តើមការ ស៊ើបអង្កេតនៅឆ្នាំ២០២១ នៅពេលដែល WhatsApp ដែលជាកម្មវិធី ផ្ញើសារបាន បង្ខំអ្នកប្រើប្រាស់តួកគី របស់ខ្លួនឱ្យចែករំលែកទិន្នន័យ របស់ពួកគេ រួមទាំងលេខទូរស័ព្ទ និងទីតាំងជាមួយ Facebook ឬពួកគេនឹងមិនអាច ប្រើប្រាស់ WhatsApp បានទេ។

ក្រុម WhatsApp ដែលបង្កើតឡើង ដោយស្ថាប័នសាធារណៈ របស់តួកគី បានផ្លាស់ប្តូរទៅកម្មវិធីផ្ញើសារ ក្នុងស្រុកបន្ទាប់ពីការធ្វើបច្ចុប្បន្នភាព គោលការណ៍ ឯកជនភាព ។ រដ្ឋាភិបាលតួកគី បាននឹងកំពុងរឹតបន្តឹង បទប្បញ្ញត្តិរបស់ខ្លួនលើក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គមក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ៕

Most Popular

To Top