បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា រុស្ស៊ីបានជូនដំណឹងជាផ្លូវការដល់អាជ្ញាធរអាមេរិកអំពីផែនការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយកងកម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ចំពេលមានសមយុទ្ធនុយក្លេអ៊ែរ ‘Stadfast Noon’ ដែលកំពុងបន្តរបស់អង្គការណាតូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយកាលពីថ្ងៃអង្គារថា “សហរដ្ឋអាមេរិកត្រូវបានជូនដំណឹង ហើយដូចដែលយើងបានគូសបញ្ជាក់ពីមុនមក នេះគឺជាសមយុទ្ធប្រចាំឆ្នាំជាប្រចាំរបស់ប្រទេសរុស្ស៊ី” ។
យោធាអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែបានទទួលស្គាល់ថា រុស្ស៊ី «កំពុងអនុវត្តតាមកាតព្វកិច្ចគ្រប់គ្រងអាវុធ និងការប្តេជ្ញាចិត្តប្រកបដោយតម្លាភាពរបស់ខ្លួនក្នុងការធ្វើសេចក្តីជូនដំណឹងទាំងនោះ»។
ក្រសួងការពារជាតិរុស្ស៊ីមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីកាលបរិច្ឆេទ និងទំហំនៃសមយុទ្ធដែលបានគ្រោងទុកនោះទេ។ សមយុទ្ធបែបនេះជាធម្មតាពាក់ព័ន្ធនឹងការសាកល្បងយ៉ាងទូលំទូលាយទាំងអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរ និងមិនមែននុយក្លេអ៊ែរ ដើម្បីធានាបាននូវការត្រៀមខ្លួននៃកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្រ និងខ្សែសង្វាក់បញ្ជាទាំងមូល។ លើកចុងក្រោយដែលរុស្ស៊ីធ្វើសមយុទ្ធស្រដៀងគ្នានេះ គឺក្នុងខែកុម្ភៈ ប៉ុន្មានថ្ងៃមុនពេលដែលទីក្រុងម៉ូស្គូចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា