ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ធ្វើទំនើបកម្ម ប្រព័ន្ធមីស៊ីល Bavar-373 ដែលបាញ់ បានចម្ងាយជាង ៣០០គីឡូម៉ែត្រ

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីការធ្វើទំនើបកម្មនៃប្រព័ន្ធមីស៊ីល Bavar-373 (Belief-373) ដែលមានរយៈចម្ងាយឆ្ងាយជាង ៣០០គីឡូម៉ែត្រ។

ពិធីដាក់បង្ហាញនេះត្រូវបានចូលរួមដោយ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Mohammadreza Ashtiani ក្នុងអំឡុងពេលដែលប្រព័ន្ធនេះ ត្រូវបានសាកល្បង ដោយជោគជ័យដោយការបាញ់បង្ហោះកាំជ្រួច រយៈចម្ងាយឆ្ងាយ Sayyad B4 (Hunter B4) ។

ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ រ៉ាដា ដែលបានធ្វើឱ្យប្រសើរឡើង របស់ខ្លួន អាចរកឃើញគោលដៅនៅចម្ងាយជាង ៤៥០គីឡូម៉ែត្រ និងតាមដានគោលដៅនៅចម្ងាយប្រហែល ៤០៥ គីឡូម៉ែត្រ មុនពេលបំផ្លាញ វានៅចម្ងាយជាង ៣០០គីឡូម៉ែត្រ។

មុនពេលដំឡើងកំណែ ប្រព័ន្ធកាំជ្រួច Bavar-373 មានសមត្ថភាពអាចចាប់បាន តាមដាន និងវាយប្រហារគោលដៅ ក្នុងរយៈចម្ងាយ ៣៥០ គីឡូម៉ែត្រ ២៦០គីឡូម៉ែត្រ និង ២០០ គីឡូម៉ែត្ររៀងគ្នា។ នៅខាងក្រៅពិធីនេះ ខ្សែសង្វាក់ផលិតកម្មមីស៊ីល Sayyad B4 ដែលដំណើរការលើឥន្ធនៈរឹងរួមបញ្ចូលគ្នា ក៏ត្រូវបានសម្ពោធផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top