ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រៀមកញ្ចប់ជំនួយថ្មី ១៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងឆ្នាំ២០២៣

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្វាគមន៍ការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុប ក្នុងការស្នើសុំកញ្ចប់ជំនួយ សម្រាប់អ៊ុយក្រែនរហូតដល់ ១៨ ពាន់លានអឺរ៉ូ (ប្រហែល ១៨ ពាន់លានដុល្លារ) សម្រាប់ឆ្នាំក្រោយ។

លោក ហ្សេឡិនស្គី បានសរសេរថា “សូមថ្លែងអំណរគុណ ចំពោះគណៈកម្មការអឺរ៉ុប និងប្រធានលោកស្រី Ursula von der Leyen ដែលបានប្រកាសកញ្ចប់ជំនួយហិរញ្ញវត្ថុ ១៨ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៣” ។

លោកស្រី​បាន​សង្កត់​ធ្ងន់​ថា កាយវិការ​នេះ ​បង្ហាញ​ពីសាមគ្គីភាព​ពិត​ របស់​សហភាព​អឺរ៉ុប ជាមួយ​អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃដដែល គណៈកម្មការអឺរ៉ុប បានស្នើផ្តល់កញ្ចប់ជំនួយដល់អ៊ុយក្រែន ដោយលើកឡើងថា ជំនួយជាមធ្យម ១,៥ ពាន់លានអឺរ៉ូក្នុងមួយខែ នឹងជួយអ៊ុយក្រែន គ្របដណ្តប់ផ្នែកសំខាន់ នៃតម្រូវការមូលនិធិរយៈពេលខ្លីរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា សំណើនីតិបញ្ញត្តិ ដែលសំដៅលើការចែកចាយ កញ្ចប់ដោយរលូន ត្រូវការការយល់ព្រមពីសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប មុនពេលចូលជាធរមាន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top