ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការជំនួយពីបរទេស ៧,៨ពាន់លានដុល្លារ នៅបំណាច់ឆ្នាំនេះ

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Serhiy Marchenko ថា ប្រទេសអ៊ុយក្រែន មានបំណងទាក់ទាញជំនួយបរទេសចំនួន ៧,៨ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះ។

លោក Marchenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការទទួលបាន ៤,៨ពាន់លានដុល្លារពីដៃគូអន្តរជាតិក្នុងខែនេះ ហើយប្រាក់ដែលនៅសល់ក្នុងខែធ្នូ។

លោក Marchenko បានលើកឡើងថា “ខែធ្នូគឺជាខែចុងក្រោយនៃឆ្នាំ ហើយជាធម្មតាការចំណាយខែធ្នូ គឺខ្ពស់បំផុត និងខ្ពស់ជាងមធ្យមភាគប្រចាំខែ។ ដូច្នេះហើយ ឥឡូវនេះយើងកំពុងស្វែងរកលទ្ធភាពទាំងអស់ ដើម្បីឆ្លងកាត់ទាំងខែវិច្ឆិកា និងខែធ្នូ”។

ខណៈពេលដែលអត្ថាធិប្បាយលើការផ្តល់ហិរញ្ញប្បទានក្នុងខែមករាដល់ខែមីនាឆ្នាំ២០២៣ លោក Marchenko បានឲ្យដឹងថា អ៊ុយក្រែន នឹងបញ្ជូនផ្នែកមួយនៃជំនួយដែលបានប្រកាសចំនួន ១៨ពាន់លានអឺរ៉ូ (ប្រហែល ១៨,៥៨ ពាន់លានដុល្លារ) ពីសហភាពអឺរ៉ុប ដើម្បីតម្រឹមគម្លាតថវិកា។

យោងតាមរដ្ឋាភិបាលអ៊ុយក្រែន ត្រូវការប្រាក់ប្រហែល ៥ពាន់លានដុល្លារក្នុងមួយខែដើម្បីទូទាត់ឱនភាពថវិការបស់ខ្លួន។ កាលពីខែមុន ក្រសួងហិរញ្ញវត្ថុបាននិយាយថា អ៊ុយក្រែនបានទទួលជំនួយអន្តរជាតិចំនួន ២៤,១ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top