បរទេស៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រកាសថា មីស៊ីល ដែលត្រូវបានអះអាងថា បានសម្លាប់មនុស្សពីរនាក់ នៅក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ ទំនងជាត្រូវបានបាញ់ដោយ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីមុនថា ការវិភាគរបស់ខ្លួនលើរូបថត ពីកន្លែងកើតហេតុបានបង្ហាញថា មីស៊ីលនេះ គឺមកពីប្រព័ន្ធការពារដែនអាកាស S-300 ដែលប្រើប្រាស់ ដោយទីក្រុងគៀវ។
លោក Andrzej Duda បានប្រាប់អ្នកសារព័ត៌មានថា “ភាគច្រើនគឺទំនងជា មីស៊ីលដែលផលិតដោយរុស្ស៊ី ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ បានធ្លាក់លើទឹកដីប៉ូឡូញ។ យើងគ្មានភ័ស្តុតាង ដែលថាវាត្រូវបានចាប់ផ្តើម ដោយរុស្ស៊ីទេ»។
លោកបានបន្ថែមថា «មានភាពទំនងខ្លាំង ដែលវាជាមីស៊ីលការពារដែនអាកាស របស់អ៊ុយក្រែន។
ទាំងរុស្ស៊ី និងអ៊ុយក្រែន គឺជាផ្នែកមួយ នៃសហភាពសូវៀត ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ក្រោមការដឹកនាំរបស់ Leonid Brezhnev ដែលកើតនៅអ៊ុយក្រែន។
លោក Duda បាននិយាយថា វាគឺជា “ឧបទ្ទវហេតុអកុសល” ជាជាងការវាយប្រហារ ដោយចេតនាលើដីប៉ូឡូញ។ លោកបានស្នើថា មីស៊ីលបានវាយប្រហារ ប្រទេសប៉ូឡូញ នៅពេលដែលកងកម្លាំងអ៊ុយក្រែន កំពុងព្យាយាមស្ទាក់ចាប់ ការវាយប្រហាររបស់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា