បរទេស ៖ យោធា របស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយ របស់អាមេរិក B-1B Lancer ត្រូវបានដាក់ពង្រាយឡើងវិញ ទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានធ្វើការសាកល្បងកាំជ្រួច មីស៊ីលអន្តរទ្វីប (ICBM) ចុងក្រោយបង្អស់របស់ខ្លួន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការ ចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែន អាកាសរួមគ្នានៅថ្ងៃនេះ ជាមួយនឹងយន្តហោះទម្លាក់គ្រាប់ បែកយុទ្ធសាស្ត្រ B-1B របស់កងទ័ពអាកាសអាមេរិក ដែលត្រូវបានដាក់ពង្រាយឡើងវិញ នៅលើឧបទ្វីបកូរ៉េ” ។
យោធាបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿន ជាងសំឡេងរបស់អាមេរិក បានហោះពីលើតំបន់កំណត់ អត្តសញ្ញាណការពារដែន អាកាសរបស់កូរ៉េខាងត្បូង ហើយត្រូវបានអមដោយយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំង អាមេរិក F-16 ។
JCS បាននិយាយទៀតថា “តាមរយៈសមយុទ្ធនេះ យើងបានបង្ហាញជាថ្មីម្តងទៀត នូវសមត្ថភាពយោធារួមគ្នា នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារឧបទ្វីបកូរ៉េ និងការផ្តល់នូវការទប់ស្កាត់បន្ថែមទៀត” ៕
ប្រែសម្រួលៈ ណៃ តុលា