បរទេស ៖ កូរ៉េខាងត្បូងនិយាយថា ខ្លួនបានបញ្ចេញ យន្តហោះចម្បាំងភ្លាមៗ បន្ទាប់ពីយន្តហោះចម្បាំងចិន និងរុស្ស៊ី បានធ្វើដំណើរចូលទៅ ក្នុងតំបន់កំណត់ អត្តសញ្ញាណការពារ ដែនអាកាស (KADIZ) របស់ប្រទេសនេះ កាលពីព្រឹកថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការ ចម្រះនៃទីក្រុងសេអ៊ូល (JCS) បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ H-6 របស់ចិនពីរគ្រឿង បានចូលម្តងហើយម្តងទៀត និងចាកចេញពីតំបន់ KADIZ ចេញពីឆ្នេរ សមុទ្រភាគខាងត្បូង និងភាគឦសាន របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីម៉ោងប្រហែល ៥ និង ៥០ នាទីព្រឹកម៉ោងក្នុងស្រុក ។
ប៉ុន្មានម៉ោងក្រោយមក យន្តហោះចិន បានត្រឡប់មកពីសមុទ្រជប៉ុន (ដែលគេស្គាល់នៅកូរ៉េថា សមុទ្រខាងកើត) នៅតំបន់កោះ Ulleung រួមជាមួយនឹងយន្តហោះចម្បាំង រុស្ស៊ីចំនួន ៦ គ្រឿង រួមទាំងយន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ TU-95 និងយន្តហោះចម្បាំង SU-35 ។ .
ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនបានដាក់ពង្រាយ យន្តហោះចម្បាំង F-15K របស់ខ្លួននៅលើអាកាស ជាចលនាយុទ្ធសាស្ត្រប្រឆាំង នឹងស្ថានភាពគ្រោះថ្នាក់ ដែលអាចកើតមាន ។
យ៉ាងណាក៏ដោយ JCS បានសង្កត់ធ្ងន់ថា យន្តហោះចម្បាំងរុស្ស៊ី និងចិន មិនបានបំពាន ដែនអាកាសកូរ៉េខាងត្បូងទេ៕
ប្រែសម្រួលៈ ណៃ តុលា