ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានអង្គការ NATO ប្រឆាំងនឹងការផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់ប្រទេសអ៊ុយក្រែន ដោយបានបរិហារសម្ព័ន្ធមិត្តថា ជា “អង្គភាពឧក្រិដ្ឋកម្ម” សម្រាប់ការផ្តល់អាវុធដល់អ្វីដែលលោកហៅថា “របបជ្រុលនិយម” ។
លោក Medvedev ដែលធ្លាប់បានតាំងខ្លួនជាអ្នក ធ្វើទំនើបកម្មសេរីនិយម ជាប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានលេចចេញជារូបរាងកាន់តែខ្លាំងឡើង ក្នុងនាមជាអ្នកគាំទ្រដ៏អាក្រក់បំផុត នៃសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន ដោយបង្ហោះការបរិហារលោកខាងលិច នៅលើបណ្តាញទំនាក់ទំនង សង្គមរបស់គាត់ ។
លោក Medvedev បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “ប្រសិនបើដូច (អគ្គលេខាធិការអង្គការNATO ) លោក Jens Stoltenberg បានណែនាំ NATO ត្រូវផ្គត់ផ្គង់អ្នកនិយមជ្រុលអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធ Patriot រួមជាមួយបុគ្គលិក NATO នោះពួកគេនឹងក្លាយទៅជាគោលដៅ ស្របច្បាប់នៃកងកម្លាំងប្រដាប់អាវុធ របស់យើងភ្លាមៗ” ។
ករណីនេះមិនច្បាស់ទេពីសាររបស់គាត់ ថាតើ គាត់កំពុងសំដៅទៅលើប្រព័ន្ធ Patriot កងកម្លាំងអ៊ុយក្រែន ឬបុគ្គលិក NATO ដែលបានក្លាយជាគោលដៅ ។
លោកបានសរសេរនៅក្នុង សារបង្ហោះមុននេះថា “ពិភពអរិយធម៌មិនត្រូវការអង្គការនេះទេ ។ អង្គការនេះត្រូវតែប្រែចិត្តចំពោះមនុស្សជាតិ ហើយត្រូវបានរំលាយជាអង្គភាពឧក្រិដ្ឋ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា