តូក្យូ៖ សហរដ្ឋអាមេរិក បានស្វាគមន៍ផែនការរបស់ប្រទេសជប៉ុន ក្នុងការបង្កើនការចំណាយ លើវិស័យការពារជាតិរបស់ខ្លួនយ៉ាងសំខាន់ក្នុងរយៈពេល ៥ឆ្នាំខាងមុខក្នុងការប្រឈមមុខ នឹងបញ្ហាសន្តិសុខ “ធ្ងន់ធ្ងរ” នៅក្នុងតំបន់ ហើយបានបង្ហាញពីការគាំទ្រ ចំពោះការសម្រេចចិត្តណាមួយ ដែលនឹងជួយបង្កើនការរារាំងរបស់ខ្លួន ក្នុងការដោះស្រាយជាមួយនឹងការអះអាង របស់ប្រទេសចិន។
ឧត្តមសេនីយ David Berger មេបញ្ជាការកងម៉ារីនអាមេរិក បានឲ្យដឆងនៅពេលត្រូវបានសួរ អំពីចលនារបស់ជប៉ុន ឆ្ពោះទៅរកការសម្រេចចិត្តអភិវឌ្ឍសមត្ថភាព វាយប្រហាររយៈចម្ងាយឆ្ងាយថា “ប្រទេសជប៉ុន កាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការការពារខ្លួន គឺជារឿងល្អ សម្រាប់ទូទាត់មហិច្ឆតារបស់ PRC (សាធារណៈរដ្ឋប្រជាមានិតចិន)”។
លោក Berger បានបន្ថែមថា “វាកាន់តែរឹងមាំនៅក្នុងវិស័យការពារ វាកាន់តែល្អក្នុងការទប់ស្កាត់” ប្រឆាំងនឹងភាពអាសន្នរបស់តៃវ៉ាន់ និងបញ្ហាដែលអាចកើតមាន ដែលជប៉ុនអាចប្រឈមមុខនឹងខ្លួនឯង។
តៃវ៉ាន់ ត្រូវបានចិនចាត់ទុកថា ជាខេត្តបំបែកដើម្បីបង្រួបបង្រួម ជាមួយដីគោកវិញដោយកម្លាំងបើចាំបាច់។ ភាពអាសន្នមួយក៏មានការព្រួយបារម្ភជាពិសេស សម្រាប់ប្រទេសជប៉ុន ផងដែរ ដោយសារតែនៅជិតកោះតៃវ៉ាន់ នៃកោះរបស់ខ្លួននៅភាគនិរតី រួមទាំងកោះសេនកាគូ ដែលជាក្រុមប្រជុំកោះសមុទ្រចិនខាងកើត ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែត្រូវបានទាមទារដោយទីក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក “ប្រាកដណាស់” ស្វាគមន៍ចំពោះផែនការ ដែលបានប្រកាសនាពេលថ្មីៗនេះ របស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ថវិកាប្រហែល ៤៣ ពាន់ពាន់លានយ៉េន (៣១៤ពាន់លានដុល្លារ) សម្រាប់ការចំណាយលើវិស័យការពារជាតិ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំសារពើពន្ធ ២០២៧ ដែលកើនឡើងជាង ៥០ភាគរយពីផែនការចំណាយ ៥ ឆ្នាំបច្ចុប្បន្នរបស់ខ្លួន៕ប្រែសម្រួល ឈូក បូរ៉ា