ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន៣ រួមគ្នាដាក់កម្មវិធីអភិវឌ្ឍ យន្តហោះបំបាំងកាយជំនាន់ថ្មី

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ប្រទេសអ៊ីតាលី អង់គ្លេស និងជប៉ុន បានបង្ហាញកម្មវិធីសមរភូមិអវកាសពិភពលោក ហៅកាត់ថា (GCAP) ដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ ជំនាន់ក្រោយនៅឆ្នាំ២០៣៥ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី កម្មវិធីនេះនឹង “បង្កើនល្បឿន របស់ប្រទេស ដែលមានសមត្ថភាពយោធាកម្រិតខ្ពស់ និងគុណសម្បត្តិបច្ចេកវិទ្យា” និង “ធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់រួមបញ្ចូលគ្នា និងពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិបន្ថែមទៀត” ។ 

ប្រទេសអ៊ីតាលីបានឲ្យដឹងថា កម្មវិធី GCAP នឹងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច ឧស្សាហកម្ម និងសន្តិសុខនៅក្នុងប្រទេសទាំង៣ រួមទាំងការបង្កើតការងារ និងបង្កើនការវិនិយោគក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ។

ក្រុមហ៊ុនឈានមុខគេ ដែលពាក់ព័ន្ធនៅក្នុងកម្មវិធី GCAP គឺក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិយក្សរបស់អ៊ីតាលី ឈ្មោះថា Leonardo ក្រុមហ៊ុន BAE Systems របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top