បរទេស ៖ អ្នកនាំពាក្យ របស់ក្រុមប្រឹក្សាជាតិសន្តិសុខ របស់អាមេរិកលោក John Kirby កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ ABC ថា សហរដ្ឋអាមេរិក បានធ្វើការដាក់ការ កំណត់យ៉ាងច្បាស់រួចហើយ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារ ទៅលើប្រទេសរុស្សី ។
សេចក្តីថ្លែងការណ៍ របស់លោកបានធ្វើឡើង ដើម្បីជាការឆ្លើយតបនិងបញ្ជាក់បន្ថែម ទៅលើការលើកឡើង របស់លោក Aleksey Danilov ដែលជាប្រធាន ក្រុមប្រឹក្សាជាតិ សន្តិសុខនិង ការពារជាតិ របស់ប្រទេសអ៊ុយក្រែន ដែលបានអះអាង កាលពីថ្ងៃសៅរ៍កន្លងមកហើយថា រដ្ឋាភិបាលទីក្រុងគៀវ នឹងមិនបដិសេធទេថា នឹងមិនវាយប្រហារទៅដល់ដែនដី ខាងក្នុង របស់ប្រទេសរុស្សី។
លោក Kirby បានបន្តពន្យល់ថា ពួកយើងមិនបានលើកទឹកចិត្ត ឬអនុញ្ញាតិឲ្យមានការប្រើប្រាស់អាវុធ និងប្រតិបត្តិការយោធា ដោយអ៊ុយក្រែន ចូលទៅក្នុងទឹកដី របស់រុស្សីជាដាច់ខាត ។ ពួកយើងគ្រាន់តែព្យាយាម ក្នុងការធានាឲ្យ
បានថាអ៊ុយក្រែន គឺមានលទ្ធភាពក្នុងការការពារដែន អធិបតេយ្យភាពរបស់ខ្លួន និងអាចទទួលជ័យជំនះត្រឡប់ យកទឹកដីរបស់ពួកគេមកកាន់ កាប់វិញតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី