ព័ត៌មានអន្តរជាតិ

តំបន់ភាគខាងត្បូងអ៊ុយក្រែន ត្រូវបានវាយប្រហារដោយយន្ដហោះដ្រូន ខណៈសម្ព័ន្ធមិត្ដ បង្កើនការផ្គត់ផ្គង់អាវុធ 

គៀវ៖ រលកថ្មីនៃការវាយប្រហារ ដោយយន្តហោះដ្រូន បានវាយប្រហារអ៊ុយក្រែន ពេញមួយយប់កាលពីថ្ងៃសៅរ៍ដោយបានធ្វើឱ្យមនុស្ស ១,៥លាននាក់គ្មានថាមពលប្រើប្រាស់នៅក្នុងទីក្រុង Odesa ។

ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្សី ក្នុងការបំបាក់ស្មារតីរបស់អ៊ុយក្រែន នៅពេលដែលសីតុណ្ហភាពរដូវរងាធ្លាក់ចុះ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងធំៗទូទាំងប្រទេស។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សជាង ១,៥លាននាក់នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង និងតំបន់ជុំវិញមិនមានអគ្គិសនីប្រើប្រាស់។ លោក​បាន​ពណ៌នា​អំពី​ស្ថានភាព​នេះ​ថា​ជាស្ថានភាពលំបាក​ខ្លាំង​ណាស់។

រដ្ឋបាល​តំបន់​បាន​ឲ្យដឹងថា​ប្រជាជន​ដែល​ពឹង​ផ្អែក​តែ​លើ​អគ្គិសនី ដើម្បី​ផ្តល់​ថាមពល​ដល់​ផ្ទះ​របស់​ពួកគេ​គួរតែ​ពិចារណា​ចាកចេញ។ ក្រុមមន្ត្រីបានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីបានវាយប្រហារទៅលើខ្សែបញ្ជូន និងឧបករណ៍សំខាន់ៗនៅព្រឹកព្រលឹមថ្ងៃសៅរ៍។

យោធាអ៊ុយក្រែនបានឲ្យដឹងថា យន្តហោះដ្រូនធុន Shahed-136 របស់អ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ម្តងទៀតក្នុងចំនួនដ៏ច្រើន បន្ទាប់ពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថាការផ្គត់ផ្គង់អាវុធដំបូងបានអស់ហើយ។

មហាអំណាចលោកខាងលិច បានព្យាយាមបញ្ជូនកាំជ្រួចមីស៊ីលទៅឲ្យអ៊ុយក្រែន និងកាំភ្លើងប្រឆាំងយន្តហោះដែលល្អបំផុតសម្រាប់ការបាញ់ទម្លាក់យន្តហោះដ្រូន។ កាល​ពី​ថ្ងៃ​សៅរ៍ សហរដ្ឋ​អាមេរិក និង​អាល្លឺម៉ង់​បាន​ប្រកាស​ពី​ការ​ផ្តល់​សព្វាវុធ​ថ្មី​ដល់​ទីក្រុងគៀវផងដែរ។

សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងបញ្ជូនកាំភ្លើងធំចំនួន ៨ម៉ឺនដើម ដែលអ្នកជំនាញបានឲ្យដឹងថានឹងមានរយៈពេលតិចជាង ២០ថ្ងៃក្នុងអំឡុងពេលនៃការវាយលុកដ៏ធំមួយ៕

Most Popular

To Top