ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការដាក់ទណ្ឌកម្មរបស់អូស្រ្ដាលី ថាជាការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ខ្លួនខ្លួន

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់អូស្ត្រាលី លើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់ ដោយលើកឡើងថា ទណ្ឌកម្មទាំងនេះ តំណាងឱ្យការជ្រៀតជ្រែករបស់ប្រទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។

លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា រដ្ឋាភិបាលអូស្ត្រាលី “បានរំលោភសិទ្ធិជាមូលដ្ឋានជាច្រើនឆ្នាំរបស់ជនជាតិដើមអូស្ត្រាលី អ្នកទោស និងជនភៀសខ្លួន”។

លោក​បាន​បន្ថែម​ថា “អូស្ត្រាលី​ក៏​បាន​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន​ប្រឆាំង​អ៊ីរ៉ង់ និង​ក្រុម​បំបែក​ខ្លួន​ផង​ដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃដដែល រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់ ចំនួន ៦នាក់ និងប៉ូលីសសីលធម៌របស់អ៊ីរ៉ង់ និងកម្លាំងស្ម័គ្រចិត្ត Basij ជុំវិញអ្វីដែលខ្លួនហៅថា “ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាន”។

ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីនាង Mahsa Amini អាយុ ២២ ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្លាក់ខ្លួនឈឺធ្ងន់បស់នាងនៅស្ថានីយ៍ប៉ូលីស។ អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេសរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top