បរទេស៖ វិមានក្រឹមឡាំងបានអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍របស់លោក Andrey Gurulev ដែលជាឧត្តមសេនីយ ចូលនិវត្តន៍ និងជាសមាជិកសភា ដែលហាក់ដូចជាបង្ហាញកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅទស្សនកិច្ចនៅតំបន់នៃ “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Gurulev បានអះអាងថា លោក Vladimir Putin “បាននិយាយផ្ទាល់ជាមួយមេបញ្ជាការនីមួយៗ” ដែលចូលរួមក្នុងយុទ្ធនាការនេះ ខណៈពេលដែល ធ្វើដំណើរ ទៅទីស្នាក់ការកណ្តាលកងទ័ព។ លោកហាក់ដូចជាជឿថា ទីតាំងនេះមានទីតាំងនៅក្នុងអតីតទឹកដីអ៊ុយក្រែន។
ឧត្តមសេនីយ៍ចូលនិវត្តន៍បាននិយាយដោយបន្ថែមថា នៅពេលនិយាយអំពីដំណើរទស្សនកិច្ចទៅកាន់តំបន់ ប្រតិបត្តិការ យោធាពិសេស វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែល [ប្រធានាធិបតី] មិនត្រឹមតែទទួលបានរបាយការណ៍ អំពីស្ថានភាពនោះទេ ប៉ុន្តែថែមទាំងបាននិយាយជាមួយមេបញ្ជាការគ្រប់រូបដោយផ្ទាល់។ ការទំនាក់ទំនងផ្តល់នូវការយល់ ដឹងពេញលេញអំពីអ្វីដែលកំពុងកើតឡើងនៅពេលនេះ និងអ្វីដែលនឹងកើតឡើងនាពេលអនាគត។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត Rossiyskaya Gazeta កាលពីថ្ងៃអង្គារថា “ប្រសិនបើលោក Gurulev ចង់មានន័យថា ទីស្នាក់ការកណ្តាល ជាកន្លែងដែលលោក Putin បានធ្វើដំណើរទៅនៅថ្ងៃសុក្រ នោះគឺពិតមែន”៕
ប្រែសម្រួលៈ ណៃ តុលា