ព័ត៌មានអន្តរជាតិ

សមាជិកណាតូ បញ្ជូនគ្រាប់បែកចង្កោម ដែលគេបានហាមប្រើ ទៅឱ្យអ៊ុយក្រែន

បរទេស ៖ ទស្សនាវដ្ដី Foreign Policy បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានទទួលការដឹកជញ្ជូនគ្រាប់ បែកចង្កោមដ៏ចម្រូងចម្រាស ពីទីក្រុងTürkiye។ រដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោននូវអាវុធ សម័យសង្គ្រាមត្រជាក់ អស់រយៈពេលជាច្រើនខែមកហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំចេញបានធ្វើឡើង ចាប់តាំងពីខែវិច្ឆិកាមក អតីតមន្ត្រីអាមេរិក និងអឺរ៉ុបបានប្រាប់ សារព័ត៌មាន ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថា តើគ្រាប់បែកប៉ុន្មានគ្រាប់ ត្រូវបានទទួល ឬមិនទាន់បានប្រើនៅ សមរភូមិនៅឡើយទេ។

ច្បាប់របស់សហរដ្ឋអាមេរិក បានហាមឃាត់ការនាំចេញអាវុធចង្កោមណាមួយ ដែលមានអត្រាបរាជ័យលើស ពីកម្រិតជាក់លាក់មួយ។ បទប្បញ្ញត្តិដូចគ្នាទាមទារ ឱ្យមានការធានាថា គ្រាប់បែកចង្កោមនឹងមិនត្រូវ បានប្រើនៅក្នុងតំបន់ដែលជនស៊ីវិល អាចមានវត្តមាននោះទេ។ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធម្តងហើយម្តងទៀតនូវសំណើពីទីក្រុងគៀវសម្រាប់ការផ្គត់ផ្គង់ DPICMs ។

សមាជិកណាតូអឺរ៉ុបភាគច្រើន គឺជាហត្ថលេខីនៃអនុសញ្ញាឆ្នាំ ២០០៨ ស្តីពីគ្រាប់បែកចង្កោម (CCM) ដែលហាមឃាត់អាវុធប្រភេទនេះ។ Türkiye មិនមែនជាសមាជិកក្នុងចំណោមពួកគេនោះទេ ប៉ុន្តែមានឋានៈជាអ្នកសង្កេតការណ៍ នៅក្នុងអង្គការដែលមានមូលដ្ឋាន នៅក្រុងហ្សឺណែវ ដែលមើលការខុសត្រូវលើការអនុវត្តសន្ធិសញ្ញា។ វាបានបង្ហាញថាវាគោរពតាមច្បាប់ ទោះបីជាវាមិនមានកាតព្វកិច្ចក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top