ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនទាមទារចង់បាន យន្តហោះចម្បាំង និងមីស៊ីល ពីលោកខាងលិច

បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអំពាវនាវ ឱ្យប្រទេសលោកខាងលិច ផ្គត់ផ្គង់យន្តហោះចម្បាំង និងគ្រាប់រយៈ ចម្ងាយឆ្ងាយ ដោយជំរុញឱ្យមានអាវុធបន្ថែមទៀត ដែលការទាមទារនេះ ធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និង ប្រទេសអាល្លឺម៉ង់ យល់ព្រមបញ្ជូន រថក្រោះប្រយុទ្ធធុនធ្ងន់ឱ្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសុន្ទរកថាវីដេអូកាលពីថ្ងៃពុធ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់សមភាគី អាល្លឺម៉ង់ និងអាមេរិក ចំពោះការសម្រេចចិត្ត ក្នុងការបញ្ជូនរថក្រោះ ប៉ុន្តែលោកបានផ្លាស់ប្តូរយ៉ាង ឆាប់រហ័សទៅនឹងតម្រូវការរបស់អ៊ុយក្រែន សម្រាប់អាវុធបន្ថែម ។

លោកបាននិយាយថា “យើង ក៏ត្រូវតែបើកការបញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេស អ៊ុយក្រែន វាជារឿងសំខាន់ យើងត្រូវពង្រីកកិច្ច សហប្រតិបត្តិការ របស់យើងនៅក្នុងកាំភ្លើងធំ” ដោយបន្ថែមថា ប្រទេសរបស់លោក ក៏ត្រូវការយន្តហោះចម្បាំងផងដែរ ហើយថា “ល្បឿន និងបរិមាណគឺជាគន្លឹះឥឡូវនេះ” ។

សូមជម្រាបថា ការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបញ្ជូនរថក្រោះ Abrams ចំនួន ៣១ គ្រឿង បានបំបែកភាពជាប់គាំង ជាមួយរដ្ឋាភិបាលទីក្រុងប៊ែរឡាំង ដែលពីមុនបានបដិសេធ មិន បញ្ជូនរថក្រោះ Leopard 2 របស់ខ្លួន ឬអនុញ្ញាតឱ្យសម្ព័ន្ធមិត្តនាំ ចេញរថក្រោះឡើងវិញ ទៅកាន់ទីក្រុងគៀវ លុះត្រាតែសហរដ្ឋអាមេរិកធ្វើតាម ។ អ៊ុយក្រែនបានទទូចជាយូរមកហើយចំពោះគ្រឿង សឹកផ្លូវការដែលធ្ងន់ជាងនេះ ជាពិសេសរថក្រោះ M1 Abrams ក្នុងចំណោមប្រព័ន្ធសព្វាវុធទំនើបៗផ្សេងទៀត ពីលោកខាងលិច ៕

Most Popular

To Top