យូអិន៖ ប្រធានទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងផ្តល់ឱ្យកុមារអ៊ុយក្រែន នូវលិខិតឆ្លងដែនរុស្ស៊ី និងដាក់ពួកគេ សម្រាប់ការស្មុំកូនដោយរំលោភលើ “គោលការណ៍ជាមូលដ្ឋាននៃការការពារកុមារ” នៅក្នុងសម័យសង្គ្រាម។
ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅអ៊ុយក្រែនលោក Filippo Grandi បានលើកឡើងថាប្រធានាធិបតី វូឡូឌីមៀ ហ្សេឡិនស្គី បានស្នើសុំឱ្យភ្នាក់ងាររបស់លោក “ធ្វើបន្ថែមទៀត” ដើម្បីជួយកុមារពីតំបន់កាន់កាប់ ដែលរឿងនេះកំពុងកើតឡើង។

លោក Grandi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ នៅឯការិយាល័យ UNHCR ក្នុងទីក្រុងគៀវ ថា “ការផ្តល់សញ្ជាតិឱ្យពួកគេ (រុស្ស៊ី) ឬការឱ្យពួកគេទទួលយក វាផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាន នៃការការពារកុមារនៅក្នុង ស្ថានភាពនៃសង្រ្គាម” ។
លោកបានបន្តថា “នេះជារឿងមួយ ដែលកំពុងកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ហើយមិនត្រូវកើតឡើងនោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោក ហ្សេឡិនស្គី បន្ទាប់ពីបានជួបជាមួយលោក Grandi កាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានយន្តការ “ការពារ និងបញ្ជូនត្រឡប់មកវិញ” នូវកុមារ និងមនុស្សពេញវ័យ ដែលត្រូវបាននិរទេសទៅប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈ ក៏ដូចជាការដាក់ទណ្ឌកម្មអ្នកទទួលខុសត្រូវ។
លោក Grandi បានបន្ថែមថា ទីភ្នាក់ងាររបស់គាត់មិនអាចប៉ាន់ស្មាន ចំនួនកុមារដែលត្រូវបានផ្តល់លិខិតឆ្លងដែន ឬដាក់ឱ្យកូនចិញ្ចឹមបាននោះទេ ដោយសារការចូលប្រើក្នុងប្រទេសរុស្ស៊ី មានកម្រិតខ្លាំងណាស់ ៕
ប្រែសម្រួល ឈូក បូរ៉ា
