ព័ត៌មានអន្តរជាតិ

ប្រទេសប៉ូឡូញ បង្កើនការចំណាយ លើវិស័យការពារជាតិ ដល់ទៅ ៤ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប

Warsar ៖ នាយករដ្ឋមន្ត្រីរបស់ប្រទេស ប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ផែនការរបស់ប្រទេសប៉ូឡូញ ក្នុងការចំណាយ ៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើវិស័យ ការពារជាតិ នៅឆ្នាំ២០២៣ អាចជាមហិច្ឆតាបំផុត ក្នុងចំណោមរដ្ឋសមាជិកទាំងអស់ នៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ។

ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) បានរាយការណ៍ថា អមដោយរដ្ឋមន្ត្រី ការពារជាតិលោក Mariusz Blaszczak លោក Morawiecki បានទៅទស្សនាកងពលធំទី១៨ របស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញ នៅ Siedlce ភាគខាងកើត ប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទ។

លោក Morawieczki បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោក បានចាត់ទុកការពង្រឹងកងកម្លាំងប្រដាប់អាវុធជាអាទិភាព ហើយចង់ឃើញកងទ័ពណាតូ បន្ថែមទៀតឈរជើងនៅក្នុងប្រទេស។

លោកបានលើកឡើងថា តាមរយៈការបង្កើនថវិកាការពារជាតិដល់ទៅ ៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ប៉ូឡូញ នឹងក្លាយជាអ្នកចំណាយ កំពូលរបស់ណាតូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ុិនហួ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ទីក្រុង Warsar បានធ្វើការវិនិយោគទំហំធំនៅក្នុងការទិញយោធាដោយការទិញរថក្រោះ Abrams និងឧបករណ៍បាញ់រ៉ុក្កែត HIMARS ពីសហរដ្ឋអាមេរិក និងកាំភ្លើងយន្ត រថក្រោះ និងយន្តហោះចម្បាំងពីកូរ៉េខាងត្បូង៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top