គៀវ៖ អ្នកជំនាញបានប្រាប់កាសែត Newsweek របស់អ៊ុយក្រែនថា ទម្ងន់ធ្ងន់ជាងនៃរថក្រោះប្រយុទ្ធសំខាន់ៗ ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ដោយសមាជិកណាតូ អាចបង្កបញ្ហាចំពោះរបៀបដែលអ៊ុយក្រែន អាចប្រើប្រាស់ពួកវាបាន។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវ បានប្រកាសថា ពួកគេសុខចិត្តផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធសំខាន់ៗដ៏ទំនើប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
នៅថ្ងៃទី២៥ ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងប្រគល់រថក្រោះ M1 Abrams ៣១គ្រឿងទៅឱ្យអ៊ុយក្រែន។ ដោយហៅរថក្រោះ M1 Abrams ថាជា “រថក្រោះដែលមានសមត្ថភាពបំផុត ក្នុងពិភពលោក” លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រប់គ្រាន់ ដើម្បីបំពាក់កងវរសេនាតូចរថក្រោះអ៊ុយក្រែន។
លោក បៃដិន បានបន្ដថា កងកម្លាំងរបស់ទីក្រុងគៀវ ចាំបាច់ត្រូវ “ប្រឆាំងនឹងការវិវត្តនៃយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅលើសមរភូមិក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ” ។
ការសន្យាក្នុងការផ្គត់ផ្គង់រថក្រោះ Abrams បានកើតឡើងបន្ទាប់ពីការសន្យា របស់ទីក្រុងប៊ែកឡាំងនូវរថក្រោះ Leopard 2A6 ចំនួន 1៤គ្រឿងដល់អ៊ុយក្រែន។ ទីក្រុងប៊ែរឡាំង ក៏បានផ្តល់ការអនុញ្ញាត ឱ្យប្រទេសផ្សេងទៀតនាំចេញរថក្រោះ Leopard ដែលផលិតដោយអាល្លឺម៉ង់ឡើងវិញ ទៅកាន់ទីក្រុងគៀវ ផងដែរ។
រថក្រោះថ្មីទាំងអស់ គឺទំនើបជាងរថក្រោះប្រយុទ្ធសំខាន់ៗ ដែលអ៊ុយក្រែន បានប្រើតាំងពីសង្គ្រាមបានចាប់ផ្តើម រួមទាំងរថក្រោះធុន T-72 សម័យសូវៀតផងដែរ។ កន្លងមកអ៊ុយក្រែន បានទទួលរថក្រោះធុន T-72 ពីប្រទេសជាច្រើន ហើយនៅក្នុងខែវិច្ឆិកា សេតវិមានបានប្តេជ្ញាផ្តល់ហិរញ្ញប្បទាន ដល់ការជួសជុលរថក្រោះ T-72B ចំនួន ៤៥គ្រឿងជាមួយនឹងសមត្ថភាពកម្រិតខ្ពស់ តាមរយៈសាធារណរដ្ឋឆេក។
ប៉ុន្តែរថក្រោះធុន T-72 ដែលជារថក្រោះប្រយុទ្ធដ៏សំខាន់បំផុត នៅលើពិភពលោកមានទម្ងន់ប្រហែល ៤៥តោន ដូចម៉ូដែលក្រោយ T-80 ដែរ។ រថក្រោះធុន M1A1 អាចមានទម្ងន់ពី ៦៧ ទៅជិត ៧៤ តោន នេះបើយោងតាមកងទ័ពសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា