ព័ត៌មានអន្តរជាតិ

ចិន៖​ អាមេរិក បាញ់ទម្លាក់បាឡុងរបស់ខ្លួន គឺបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងប្រទេសទំាង២

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបាញ់ទម្លាក់បាល់ឡុង របស់ប្រទេសចិន ដែលទីក្រុងប៉េកាំង បានអះអាងថា បានធ្លាក់ចេញពីផ្លូវនោះ បានបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងរវាងប្រទេសទាំង២ ។

យន្តហោះដែលក្រុងវ៉ាស៊ីនតោន បានអះអាងថា ជាបាល់ឡុងចារកម្ម បានចំណាយពេលជាច្រើនថ្ងៃ ហោះហើរលើទឹកដីអាមេរិកខាងជើង ដែលនាំឱ្យសហរដ្ឋអាមេរិក លុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង ដោយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ។

គួររំលឹកថា កាលពីថ្ងៃសៅរ៍បានអាមេរិក បានបញ្ជាក់ថា យន្តហោះចម្បាំងមួយគ្រឿងបានបាញ់ទម្លាក់បាល់ឡុង នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ដោយសារតែអ្វីដែលខ្លួន ហៅថា ជា “ការរំលោភមិនអាចទទួលយកបាន” របស់ក្រុងប៉េកាំង ចំពោះអធិបតេយ្យភាព របស់សហរដ្ឋអាមេរិក ។

ក្រុងប៉េកាំងបានតវ៉ាចំពោះទង្វើនេះ ដោយអះអាងថា បាល់ឡុងនោះជាយន្តហោះស៊ីវិល ដែលត្រូវបានបង្ហោះ ហើយកាលពីថ្ងៃអាទិត្យ បានដាក់ពាក្យបណ្ដឹងជាផ្លូវការ ជាមួយស្ថានទូតអាមេរិក នៅក្នុងប្រទេសចិន ។

អនុរដ្ឋមន្ត្រីការបរទេស Xie Feng បានឲ្យដឹង នៅក្នុងពាក្យបណ្តឹងនេះថា “សកម្មភាពរបស់សហរដ្ឋអាមេរិក បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់ភាគីទាំង២ ក្នុងស្ថិរភាពទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលី” ។

លោកបានលើកឡើងយ៉ាងដូច្នេះ ដោយចង់សំដៅទៅលើជំនួបកំពូលរវាងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក ហ្ស៊ី ជិនពីង នៅក្នុងខែវិច្ឆិកាខាងមុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top