ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ពន្យល់ពីជំហរ លើការបញ្ជូនយន្តហោះចម្បាំង ទៅឱ្យអ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា សមាជិកណាតូមិនទាន់ឈានដល់ការឯកភាពគ្នា លើលទ្ធភាព នៃការបញ្ជូនយន្តហោះចម្បាំង ទៅកាន់អ៊ុយក្រែននោះទេ។ លោកបានកត់សម្គាល់ថា ចំណាត់ការបែបនេះ ត្រូវតែអនុម័តដោយប្លុកទាំងមូល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Morawiecki បានប្រាប់កាសែតអេស្ប៉ាញ El Mundo ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា “ប្រសិនបើយើងមិនជាប់លាប់ ក្នុងការគាំទ្រអ៊ុយក្រែនទេ នោះអនាគតនៃទ្វីបអឺរ៉ុប នឹងមានបញ្ហា ហើយតម្លៃដែលយើង ត្រូវបង់នឹងខ្ពស់ណាស់” ។

លោកបន្តថា “ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តទាំងអស់ លើយន្តហោះចម្បាំង នឹងត្រូវធ្វើឡើងនៅក្នុងអង្គការ ណាតូ ហើយមិនមានកិច្ចព្រមព្រៀងណាមួយ កើតឡើងនៅពេលនេះទេ … គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងទេ” ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wojciech Skurkiewicz បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ារស្សាវ៉ា មិនមានគម្រោងផ្គត់ផ្គង់ ឱ្យទីក្រុងគៀវជាមួយនឹងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិកនោះទេ។ លោកបានទទូចថា ជំហាននេះអាចត្រូវបានអនុវត្ត តែក្នុងការសម្របសម្រួលពេញលេញ ជាមួយសមាជិកណាតូ ផ្សេងទៀតប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top