ប៉េកាំង៖ ភាពរំជើបរំជួលរបស់អាមេរិក បានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីវាបានបាញ់ទម្លាក់វត្ថុ ហោះមិនស្គាល់អត្តសញ្ញាណចំនួន ៣បន្ថែមទៀត ចាប់តាំងពីការបាញ់ទម្លាក់បាឡុងស៊ីវិលរបស់ចិន ដោយទីក្រុងវ៉ាស៊ីនតោន បានចល័តសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងអង្គការណាតូ ដើម្បីនិយាយរឿង “ការគំរាមកំហែងរបស់ចិន”។

ប៉ុន្តែអ្នកវិភាគចិនបានឲ្យដឹងថា កាលណាអាមេរិក បន្តការញុះញង់បែបនេះយូរជាងនេះ ការសន្និដ្ឋាននេះកាន់តែអាម៉ាស់ សម្រាប់ទង្វើដែលអាមេរិក បានរៀបចំឡើងនេះ។
លើកលែងតែបាឡុងស៊ីវិលរបស់ចិន ដែលបានបាញ់ទម្លាក់កាលពីថ្ងៃទី០៤ កុម្ភៈ មិនទាន់ដឹងប្រភពនៃវត្ថុ ៣ផ្សេងទៀតនៅឡើយទេ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា សេតវិមានកាលពីថ្ងៃចន្ទ បានការពារការបាញ់ទម្លាក់វត្ថុ មិនស្គាល់អត្តសញ្ញាណចំនួន៣ ខណៈទទួលស្គាល់ថា មន្ត្រីមិនមានការចង្អុលបង្ហាញថា វត្ថុទាំងនោះត្រូវបានបម្រុងទុក សម្រាប់ការឃ្លាំមើលនោះទេ។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Mori Takeo និងអនុរដ្ឋមន្ត្រីការបរទេសទីមួយកូរ៉េខាងត្បូង លោក Cho Hyun-dong បានសម្តែងការគាំទ្រ ចំពោះការបាញ់ប្រហារ របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានជួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman កាលពីថ្ងៃចន្ទ ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកនៃ “កិច្ចសន្ទនាត្រីភាគី”។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដកស្រង់សម្តីលោក Cho ថា “ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក យើងជឿជាក់លើអ្វីដែលសហរដ្ឋអាមេរិក បាននិយាយជាផ្លូវការអំពីបញ្ហានេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The GlobalTime ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឡើកឡើងថា “យើងសង្ឃឹមថា ប្រទេសជប៉ុនមានគោលជំហរត្រឹមត្រូវ និងយុត្តិធម៌ ហើយនឹងមិនធ្វើតាមការបំផ្លើស របស់សហរដ្ឋអាមេរិកនោះទេ”។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទថា ប្លុកនេះគួរតែមានការប្រុងប្រយ័ត្ន ចំពោះប្រទេសចិន និងសកម្មភាពឃ្លាំមើលរបស់រុស្ស៊ីផងដែរ ដោយលើកឡើងពីការបាញ់ទម្លាក់បាឡុង និងវត្ថុផ្សេងៗទៀតរបស់អាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា
