បរទេស៖ មន្ទីរបញ្ចកោណបានទទួលស្គាល់ថា ខ្លួនបានបរាជ័យក្នុងការប៉ុនប៉ង បាញ់ទម្លាក់វត្ថុអាថ៌កំបាំង ដែលប្រទះឃើញនៅលើអាកាសពីលើរដ្ឋ Michigan កាលពីចុងសប្តាហ៍មុន ដោយនិយាយថា មីស៊ីល AIM-9X Sidewinder មួយគ្រាប់ដែលបាញ់ ដោយយន្តហោះចម្បាំង F-16 បានខកខានការសម្គាល់របស់វា ឬ បាញ់ខុស ហើយបានធ្លាក់នៅក្នុងទឹក។
វត្ថុចម្លែកនេះគឺជាវត្ថុមួយក្នុងចំណោមវត្ថុអាថ៌កំបាំងបី ដែលត្រូវបានគេឃើញនៅក្នុង ដែនអាកាសអាមេរិកខាងជើង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាក្រុមមន្ត្រី នៅតែមិនអាចកំណត់អត្តសញ្ញាណណាមួយ ក្នុងចំណោមវត្ថុទាំងនោះក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន សម្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើវត្ថុដែលត្រូវបានបាញ់ទម្លាក់នៅ Lake Huron ប៉ុន្មានថ្ងៃមុន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យោធាមិនអាចវាយប្រហារគោលដៅរបស់ខ្លួន នៅពេលដំបូង។
លោក Mark Milley បាននិយាយថា “ការបាញ់ដំបូងគឺខុសគោលដៅ ហើយការបាញ់ទីពីរ ទើបវាយប្រហារចំគោលដៅ ដោយបន្ថែមថា “គ្រាប់មីស៊ីល បានធ្លាក់នៅក្នុងទឹកនៃ Lake Huron” ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ណាមួយនោះទេ ហើយមិនបានផ្ទុះធ្វើឱ្យផលប៉ះពាល់នោះដែរ។
ខណៈពេលដែល Milley បាននិយាយថា យោធាគឺ “ប្រុងប្រយ័ត្នខ្លាំងណាស់ ដើម្បីធ្វើឱ្យប្រាកដថា ការបាញ់ប្រហារទាំងនោះពិតជាមានសុវត្ថិភាព” ក្នុងអំឡុងពេលបេសកកម្មបែបនេះ លោកមិនបានផ្តល់ការពន្យល់ អំពីមូលហេតុដែលមីស៊ីល Sidewinder អាចនឹងបាញ់ខុសវត្ថុគោលដៅនោះទេ។ អាវុធនេះប្រើប្រាស់ប្រព័ន្ធនាំផ្លូវកំណត់គោលដៅ ដែលហោះមកលើអាកាស។ វានៅតែមិនច្បាស់ថា តើមីស៊ីលនេះជួបបញ្ហាបច្ចេកទេសឬយ៉ាងណា៕ ប្រែសម្រួលៈ ណៃ តុលា