ព័ត៌មានអន្តរជាតិ

ស៊ុយអែត ហ្វាំងឡង់ និងន័រវែស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ

ស្ដុកហូម៖ មេដឹកនាំនៃប្រទេសស៊ុយអែត ហ្វាំងឡង់ និងន័រវេស បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាលពីថ្ងៃពុធ ក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខរួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson និងនាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Store បានជួបប្រជុំគ្នាកាលពីថ្ងៃពុធម្សិលមិញនេះនៅទីក្រុង Harpsund ចម្ងាយប្រហែល ១២០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី ស្ដុកហូម ។

អ្នកទាំង៣ បានពិភាក្សាអំពីបញ្ហាប្រឈមសន្តិសុខរួម និងកិច្ចសហប្រតិបត្តិការលើបញ្ហាគោលនយោបាយការបរទេស សន្តិសុខ និងការពារជាតិ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស៊ុយអែត ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ន័រវេស ហ្វាំងឡង់ និងស៊ុយអែត រួមជាមួយនឹងប្រទេសជិតខាង Nordic របស់យើង មានទំនួលខុសត្រូវរួមគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់ រួមទាំងនៅក្នុងតំបន់ភាគខាងជើងរបស់យើង” ដោយបន្ថែមថា ខណៈដែលស៊ុយអែត និងហ្វាំងឡង់ កំពុងធ្វើដំណើរទៅចូលរួមជាមួយ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) “យើងកំពុងធ្វើការនៅក្នុងវិធីរួមបញ្ចូលគ្នាបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខ” ។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងទៀតថា “យើងនឹងបន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ កិច្ចសហប្រតិបត្តិការការពារជាតិរបស់យើងត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង Nordic និងដៃគូជិតស្និទ្ធរបស់យើង រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស” ។

ប្រភពបានបន្ដថា “តំបន់ភាគខាងជើងបំផុតនៃប្រទេសរបស់យើង មានប្រជាជនតិចជាងតំបន់ផ្សេងទៀត ហើយអាកាសធាតុ និងភូមិសាស្ត្ររបស់ពួកគេបង្ហាញពីបញ្ហាប្រឈមជាពិសេស។ ក្នុងពេលជាមួយគ្នានេះ វាមានសក្តានុពលដ៏អស្ចារ្យ សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុងតំបន់ទាំងនេះ ដោយផ្តល់ទីតាំង និងលក្ខខណ្ឌពិសេសសម្រាប់កិច្ចសហប្រតិបត្តិការលើបៃតង។

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលរួមអង្គការណាតូក្នុងខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ការចូលជាសមាជិកអង្គការណាតូ ទាមទារការយល់ព្រមពីរដ្ឋសមាជិកទាំងអស់នៃសម្ព័ន្ធមិត្តយោធា។ តួកគី និង​ហុងគ្រី ដែល​ជា​សមាជិក​ទាំង​ពីរ​របស់​អង្គការ​អូតង់ នៅ​មិន​ទាន់​ផ្តល់​ការ​យល់​ព្រម​របស់​ពួក​គេ​នៅ​ឡើយ​ទេ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top