បរទេស៖ ទីបំផុតគណកម្មការអឺរ៉ុប ឬហៅកាត់ថា EC បានប្រកាសចេញបញ្ជាជាផ្លូវការហើយ ក្នុងការឲ្យគ្រប់បុគ្គលិកទាំងអស់របស់ខ្លួន ក្នុងការលុបចោលនូវកម្មវិធីទូរស័ព្ទដ៏ពេញនិយម Tik Tok ចេញពីឧបករណ៍បច្ចេកវិទ្យាទាំងអស់របស់ខ្លួន ដោយពន្យល់ថា វាគឺជាការចាំបាច់ ដើម្បីថែរក្សាសន្តិសុខផ្នែកបច្ចេកវិទ្យា។
នៅក្នុងសេចក្តីប្រកាស ដោយគណកម្មការ ប្រធានបានបញ្ជាក់ថា ដើម្បីការពារទិន្នន័យទាំងអស់របស់ EC ពួកយើងបានសម្រេចចិត្តថា នឹងត្រូវតែលុបចោល ឲ្យបាននូវកម្មវិធី Tik Tok ចេញពីប្រព័ន្ធប្រើប្រាស់ នៃឧបករណ៍បច្ចេកវិទ្យារបស់បុគ្គលិកយើងទាំងអស់។
សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា បុគ្គលិកទាំងអស់មានពេលវេលា ត្រឹមតែរយៈពេលពាក់កណ្តាលខែមិនាប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការងារនេះ មុនពេលដែលពួកគេនឹងបាត់បង់សិទ្ធ ក្នុងការដំណើរការចូលទៅកាន់អ៊ីម៉េលផ្លូវការ គណនេយ្យ Skype និងកម្មវិធីផ្លូវការផ្សេងទៀត របស់អង្គភាព។
ជាការឆ្លើយតបអ្នកនាំពាក្យ TikTok បានប្រាប់ EURACTIV ថា ការហាមឃាត់នេះ គឺជាការយល់ច្រឡំ និងផ្អែកលើការយល់ខុសជាមូលដ្ឋាន អំពីអ្វីដែលយើងហៅថា ជាប្រព័ន្ធផ្សព្វផ្សាយរបស់សង្គម។ អ្នកនាំពាក្យដដែលបានបន្តទៀតថា ក្រុមហ៊ុន បានធ្វើការទំនាក់ទំនង ទៅកាន់គណៈកម្មាការដើម្បីសុំការពន្យល់ ពីរបៀបក្រុមហ៊ុនបានការពារទិន្នន័យរបស់មនុស្ស 125 លាននាក់ នៅទូទាំងសហភាពអឺរ៉ុប ដែលកំពុងប្រើប្រាស់ TikTok រៀងរាល់ខែ៕ ប្រែសម្រួល៖ស៊ុនលី