លោក Koji Sato ដែលនឹងឡើងកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Toyota ជំនួសលោក Akio Toyoda នាខែមេសាខាងមុខនេះ បានបង្ហើបឱ្យដឹងនូវរឿងទីមួយ ដែលលោកត្រូវធ្វើមុនគេ ពេលចូលកាន់តំណែងនេះ ដើម្បីបើកទំព័រថ្មី សម្រាប់ប្រវត្តិសាស្រ្តក្រុមហ៊ុន។
លោក Koju Sato ដែលបច្ចុប្បន្នជាប្រធានប្រេន Lexus បាននិយាយក្នុងសន្និសីទកាសែតថ្មីៗនេះថា ការអភិវឌ្ឍរថយន្តអគ្គិសនីជំនាន់ក្រោយគឺជាអាទិភាពទីមួយសម្រាប់ក្រុមហ៊ុន ពេលលោកចូលកាន់តំណែង ពោលគឺវានឹងត្រូវធ្វើឡើង ដោយក្រុមការងារថ្មីមួយ។
តែយ៉ាងណាលោកបន្តថា Toyota នឹងនៅតែបន្តផ្តោតលើការផលិតរថយន្ត Hybrid ដដែលដូចជា រថយន្ត Prius ជាដើម ដែលនៅតែជាតម្រូវការរបស់អតិថិជនខ្លួននៅជុំវិញពិភពលោក។
សូមជម្រាបថា សមិទ្ធផលដ៏ជោគជ័យរបស់លោក Sato ថ្មីៗនេះ គឺជាការបង្ហាញចេញរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនោះគឺ Lexus RZ កាលពីខែមេសា ឆ្នាំ២០២២ ហើយគ្រោង នឹងបញ្ចេញលក់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ រថយន្តនេះ បំពាក់អាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរបានចម្ងាយ ៤៥០គីឡូម៉ែត្ររាល់ពេលសាកពេញម្តង។
គួរដឹងថា ចំពោះការចាកចេញរបស់លោក Toyoda គឺចង់ទុកឱកាសដល់អ្នកជំនាន់ ក្រោយក្នុងការបើកទំព័រប្រវត្តិសាស្រ្តថ្មី របស់ក្រុមហ៊ុន Toyota ជាពិសេសគឺលើការអភិវឌ្ឍរថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុន Tesla និង BYD ជាដើមនោះ បាននឹងកំពុងចេញហួសឆ្ងាយពីខ្លួនទៅហើយ។ លោក Toyoda ក៏បានសារភាពដែរថា វ័យរបស់លោក ៦៦ឆ្នាំនេះ គឺកាន់តែចាស់ណាស់ទៅហើយ ក្នុងការបត់បែនតាមការវិវត្តនៃឧស្សាហកម្មរថយន្ត៕