ព័ត៌មានអន្តរជាតិ

ជប៉ុននឹងទិញមីស៊ីល Tomahawk ពីអាមេរិក ចំនួន ៤០០ ដើម

បរទេស៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានបញ្ជាក់ពីផែនការរបស់រដ្ឋាភិបាលក្នុងការទិញមីស៊ីលប្រភេទ Tomahawk ពីអាមេរិក ចំនួន ៤០០ ដើម ដើម្បីពង្រឹងសមត្ថភាពការពារស្វ័យការពារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ប្រមុខការពារជាតិជប៉ុននេះ បានបង្កឱ្យមានការរិះគន់ពីក្រុមប្រឆាំងដែលបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ពន្យល់ពីតួលេខពិតប្រាកដនេះ។

នាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ យើងកំពុងពិចារណាលើការទិញ មីស៊ីលយ៉ាងច្រើនបំផុត៤០០គ្រាប់» ។

កន្លងមកប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណាទិញមីស៊ីលឆ្លងទ្វីប Tomahawk របស់អាមេរិករហូតដល់ ៤០០ ដើម ដោយលើកឡើងប្រភពពីសមាជិក នៃគណបក្សប្រឆាំងរបស់ប្រទេសនេះ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រកាសពីផែនការចុះកិច្ចសន្យាជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីល Tomahawk តាមរយៈកម្មវិធីលក់យោធាបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។ អាជ្ញាធរជប៉ុនសង្ឃឹមថា កិច្ចសន្យានេះនឹងត្រូវបានចុះហត្ថលេខានៅឆ្នាំសារពើពន្ធ ២០២៣ ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top