បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា យីហោរថយន្តរបស់ចិន បានចាប់ផ្តើមពង្រីកខ្លួន ដ៏ធំនៅក្នុងប្រទេសរុស្ស៊ី ចំពេលមានការចាកចេញ យ៉ាងភ្លូកទឹកភ្លូកដី របស់រថយន្តម៉ាកយីហោអឺរ៉ុប អាមេរិក និងជប៉ុន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តចិន Geely, Chery, និង Great Wall Motors បានកាន់កាប់ចំណែកទីផ្សារ រថយន្ត ១៧ភាគរយ នៃទីផ្សាររថយន្តរបស់រុស្ស៊ី ដោយបំពេញចន្លោះ ដែលនៅសល់ដោយក្រុមហ៊ុន ផលិតរថយន្តធំជាងគេលើពិភពលោក ដូចជា Volkswagen, Nissan, Renault និង Toyota ដែលបានដកខ្លួនចេញពីទីផ្សារ រថយន្តប្រទេសរុស្ស៊ីកាលពីឆ្នាំមុន។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធនយោបាយ បានធ្វើឱ្យមានការលំបាក សម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ក្នុងការបន្តប្រតិបត្តិការនៅក្នុង ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ។ ជាពិសេស ការរំខានផ្នែកដឹកជញ្ជូនបានកើតឡើង នៅពេលដែលការនាំចូលរថយន្ត និងគ្រឿងបន្លាស់មកប្រទេសរុស្ស៊ី ត្រូវបានបញ្ឈប់ ។
ក្រុមហ៊ុនផលិតរថយន្តបារាំង Renault បានទទួលរងនូវការវាយប្រហារ ដ៏ធំបំផុតក្នុងចំណោមអាជីវកម្ម ដែលត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុនបានបាត់បង់ទ្រព្យសម្បត្តិចំនួន ២,៤ ពាន់លានដុល្លារជាលទ្ធផល នៃការដកខ្លួនចេញពីទីផ្សារ ធំបំផុតទីពីររបស់ខ្លួននេះ៕