ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ លោក ហ្ស៊ី ជិនពីង ត្រូវបានប្រគល់អាណត្តិ គ្រប់គ្រងប្រទេសរយៈពេល៥ឆ្នាំ ជាឆ្នាំទី៣ ដែលមិនធ្លាប់មាន ពីមុនមកសម្រាប់ ធ្វើជាប្រធានាធិបតីចិន ដោយបង្ហាញពីការលេចធ្លោរ ដែលបានឃើញគាត់ក្លាយជាមេដឹកនាំ ដ៏មានឥទ្ធិពលបំផុត របស់ប្រទេសនៅក្នុង ជំនាន់ជាច្រើន ។
សមាជិកសភាជិត៣.០០០នាក់ នៃសភាប្រជាជនចិន ហៅកាត់ថា (NPC) បានបោះឆ្នោតជាឯកច្ឆ័ន្ទ នៅក្នុងមហាសាលប្រជាជន សម្រាប់លោក ហ្ស៊ី ឲ្យធ្វើជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតមួយ ដែលមិនមានបេក្ខជនផ្សេងទៀត ប្រជែងឡើយ ។
លោក ហ្ស៊ី ដែលមានវ័យ៦៩ឆ្នាំ ក៏ទទួលបានការបោះឆ្នោត ជាឯកច្ឆ័ន្ទសម្រាប់អាណត្តិទី៣ ជាប្រធានគណៈកម្មការយោធាកណ្តាលរបស់ប្រទេសផងដែរ ។
បន្ទាប់ពីជាប់ឆ្នោតឡើងវិញ លោក ហ្ស៊ី បានលើកដៃស្តាំរបស់លោក ហើយដាក់ដៃឆ្វេងលើគម្របក្រហម នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន ។
លោកបានមានថ្លែងថា “ខ្ញុំស្បថថា នឹងស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋប្រជាមានិតចិន រក្សាសិទ្ធិអំណាចនៃរដ្ឋធម្មនុញ្ញ អនុវត្តកាតព្វកិច្ច តាមច្បាប់របស់ខ្ញុំ ស្មោះត្រង់ចំពោះជាតិមាតុភូមិ ស្មោះត្រង់ចំពោះប្រជាជន” ។ បំពេញភារកិច្ចដោយស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ។
នៅក្នុងពេលសច្ចាប្រណិធាន ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋទូទាំងប្រទេស គាត់បានប្តេជ្ញាថា នឹង “កសាងប្រទេសដែលមានវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ ស៊ីវិល័យ ការចុះសម្រុងគ្នា និងសង្គមនិយមទំនើបដ៏អស្ចារ្យ” ៕