ព័ត៌មានអន្តរជាតិ

ការ​រំលោភ​ផ្លូវ​ភេទ​ កើន​ឡើង​នៅ​សាលា​យោធា ​អាមេរិក

បរទេស ៖ សារព័ត៌មាន Associated Press បានបង្ហាញ កាលពីថ្ងៃសុក្រ ដោយដកស្រង់របាយការណ៍ ផ្អែកលើការរកឃើញ នៃការស្ទង់មតិអនាមិកមួយថា របាយការណ៍ នៃការរំលោភផ្លូវភេទ នៅសាលាយោធាអាមេរិក បានកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលឆ្នាំសិក្សា ២០២-២២ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការស្ទង់មតិបានរកឃើញថា មានការកើនឡើង ១៨ភាគរយ នៃការរំលោភផ្លូវភេទទៅលើសិស្ស បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ របស់មន្ទីរបញ្ចកោណទទួលបានដោយ AP ដោយសិស្សស្រីម្នាក់ក្នុងចំណោម ៥ នាក់បាននិយាយថា ពួកគេធ្លាប់មានទំនាក់ទំនងផ្លូវភេទ ដែលមិនចង់បាន។

ការកើនឡើងនេះ ត្រូវបានជំរុញភាគច្រើន ដោយបណ្ឌិតសភាកងទ័ពជើងទឹក សហរដ្ឋអាមេរិក ដែលរបាយការណ៍ នៃការវាយប្រហារបានកើនឡើងស្ទើរតែទ្វេដង ក្នុងឆ្នាំ ២០២២ ជាមួយនឹង ៦១ ករណី បើធៀបនឹងករណីកាលពីឆ្នាំមុនមាន ៣៣ករណី។

AP បានផ្សាយថា “វាមិនច្បាស់ទេថា តើការបញ្ឈប់ការរឹតបន្តឹងទាក់ទងនឹង Covid-19 បានរួមចំណែកដល់ការកើនឡើងដែរឬទេ” ដោយកត់សម្គាល់ថា សាលាកងទ័ពជើងទឹក គឺនៅជិតបារនៅកណ្តាលទីក្រុង Annapolis រដ្ឋ Maryland” ។

របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា អ្នកឆ្លើយសំណួរ បានលើកឡើងពីគ្រឿងស្រវឹងជាកត្តាសំខាន់ ក្នុងការរំលោភបំពានជាងពាក់កណ្តាល ហើយបានផ្តល់អនុសាសន៍ គោលនយោបាយបន្ថែមលើការផឹក របស់សិស្ស។

បណ្ឌិតសភាកងទ័ពអាកាស ក្នុងរដ្ឋ Colorado បានរាយការណ៍ចំនួន ៥២ករណីដូចគ្នាទៅនឹងឆ្នាំមុន ខណៈដែលបណ្ឌិតសភាយោធាអាមេរិកនៅ West Point ក្នុងទីក្រុងញូវយ៉ក បានរាយការណ៍ចំនួន ៤២ ធ្លាក់ចុះពី ៤៦ ហើយមានការថយចុះតែមួយគត់។

ទីភ្នាក់ងារព័ត៌មាន AP បានផ្សាយទៀតថា មន្ទីរបញ្ចកោណ ធ្វើការស្ទង់មតិដោយអនាមិក ដើម្បីទទួលបាន “ការពិពណ៌នាត្រឹមត្រូវជាង” នៃបញ្ហានេះ ដោយហេតុថា ការរំលោភផ្លូវភេទ គឺជាឧក្រិដ្ឋកម្ម ដែលមិនត្រូវបានគេរាយការណ៍៕

Most Popular

To Top