កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Muhyiddin Yassin អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងលាងលុយកខ្វក់ចំនួន៦ករណី ។
គួរបញ្ជាក់ថា ចំពោះការរាប់ចំនួន៤ករណីដំបូង នៃការរំលោភបំពានអំណាច លោក Muhyiddin ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ពីអង្គភាព ចំនួន៤ដាច់ដោយឡែកពីគ្នា ដែលមានទឹកប្រាក់ចំនួន៥១,៤៤លានដុល្លារអាមេរិក ។
ចំពោះការលាងលុយកខ្វក់២ករណីផ្សេងទៀត ត្រូវបានដាក់ឲ្យស្ថិតក្រោមច្បាប់ប្រឆាំងការលាងលុយកខ្វក់ របស់ប្រទេស ដែលក្នុងនោះ លោក Muhyiddin ត្រូវបានចោទប្រកាន់ពីបទទទួល និងដាក់ប្រាក់សំណូកសរុបចំនួន១៩៥លានរីងហ្គីត ។
យោងតាមសារព័ត៌មាន Bernama ទីភ្នាក់ងារសារព័ត៌មានជាតិ របស់ប្រទេសម៉ាឡេស៊ី បានចុះផ្សាយថា លោក Muhyiddin អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់២០ឆ្នាំ និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើរកឃើញថា មានពិរុទ្ធពីបទរំលោភអំណាច ហើយលោកអាចប្រឈម នឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ និងពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រសិនបើមានទោស ពីបទលាងលុយកខ្វក់មែននោះ ។
លោក Muhyiddin បានសារភាពថា មិនមានកំហុស ចំពោះការចោទប្រកាន់ទាំងអស់នេះទេ ។
គួររំលឹកថា លោក Muhyiddin ត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានដោះលែង ឱ្យនៅក្រៅឃុំនៅថ្ងៃបន្ទាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា