បរទេស៖ សមាជិកសភាប្រជាធិបតេយ្យលោក Seth Moulton បានអះអាងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក មិនចង់ឱ្យរុស្ស៊ីខាតបង់ខ្លាំងពេកទេ នៅក្នុងអ៊ុយក្រែន។
ខណៈពេលដែលសមាជិកសភាវ៉ាស៊ីនតោនមួយចំនួន អំពាវនាវឱ្យមានការផ្លាស់ប្តូររបបនៅទីក្រុងមូស្គូ ។ ចំណែកវិមានក្រឹមឡាំងវិញ បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវគោលដៅទាំងអស់ នៃប្រតិបត្តិការយោធារបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Moulton បានប្រាប់ Luke Coffey នៃវិទ្យាស្ថាន Hudson ដែលជាក្រុមផ្តល់គំនិត ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល NATO ជាច្រើន និងក្រុមហ៊ុនផលិតអាវុធអាមេរិកថា “ខ្ញុំមិនដឹងថាវាល្អសម្រាប់ស្ថិរភាពពិភពលោកទេ ប្រសិនបើរបបរុស្ស៊ីដួលរលំ” ។
ដោយលើកឡើងពីហានិភ័យ នៃការរីកសាយភាយនុយក្លេអ៊ែរ ដែលនឹងមកជាមួយការដួលរលំ នៃប្រទេសរុស្ស៊ី លោក Moulton បាននិយាយថា “ការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់រុស្ស៊ី និងការដួលរលំ នៃរបបទាំងមូល ប្រហែលជាមិនមែនជាអ្វី ដែលយើងចង់បាននោះទេ” ។
លោកបានបន្តថា៖ “យើងពិតជាចង់ឲ្យអ៊ុយក្រែនឈ្នះ យើងចង់ឲ្យរុស្ស៊ីចាញ់ ប៉ុន្តែយើងមិនចង់ឲ្យរុស្ស៊ីចាញ់ខ្លាំង ពេកនោះទេ”៕ ប្រែសម្រួលៈ ណៃ តុលា