ព័ត៌មានអន្តរជាតិ

អូស្ត្រាលី បង្ខំចិត្តជម្លៀសពលរដ្ឋ ចេញពីតំបន់រងគ្រោះដោយទឹកជំនន់ នៅភាគពាយព្យ

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា ក្រុមសេវាសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋ Queensland របស់ប្រទេសអូស្ត្រាលី បានជម្លៀស អ្នកស្រុកចេញពីទីក្រុងដាច់ស្រយាលមួយ ទៅកាន់ទីទួលខ្ពស់នៅថ្ងៃសៅរ៍នេះ ខណៈដែលទឹកជំនន់បានបំបែកកំណត់ត្រាដោយបានបង្កឡើង ដោយសារភ្លៀងធ្លាក់ខ្លាំងបានបោកបក់តំបន់ នៅភាគពាយព្យនៃប្រទេស ។

ប៉ូលិសបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកស្រុកចំនួន៥៣នាក់នៅក្នុងទីក្រុង Gulf Country ដែលនៅដាច់ស្រយាលនៃ តំបន់Burketown ដែលមានចម្ងាយប្រហែល២.១១៥គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃរដ្ឋធានី Brisbane របស់រដ្ឋនេះត្រូវបានជម្លៀសចេញចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់កាលពីដើមសប្តាហ៍នេះ ។

អ្នកស្រុកប្រហែល១០០នាក់នៅតែស្ថិតក្នុងទីក្រុង ដោយប៉ូលិសបានកំណត់ ដើម្បីជម្លៀសមនុស្សបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ខណៈដែលអ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសនេះបានព្យាករណ៍ថា កម្រិតទឹកទន្លេនៅក្នុងតំបន់នឹងឡើងដល់កម្រិតកំពូលនៅថ្ងៃអាទិត្យ ។

លោក Tom Armitt អគ្គនាយក បានប្រាប់ដល់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលីថា “យើងមានទំនុកចិត្តថា យើងអាចផ្លាស់ទីមនុស្ស ដែលនៅសល់ប្រសិនបើយើងត្រូវតែធ្វើដូច្នេះ” ដោយបានលើកឡើងទៀតថា ទឹកជំនន់នៅតែកើនឡើង នៅក្នុងតំបន់ដាច់ស្រយាលមួយនេះដដែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top