ព័ត៌មានអន្តរជាតិ

ចិនព្រមាន អ្នកជិតខាងរបស់ខ្លួន ជុំវិញការពង្រឹង កិច្ចសហប្រតិបត្តិការ យោធា របស់ខ្លួនជាមួយ សហរដ្ឋអាមេរិក

បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យបានព្រមាន ប្រទេសហ្វីលីពីន ប្រឆាំងនឹងការពង្រឹង កិច្ចសហប្រតិបត្តិការ យោធារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ដោយនិយាយថា វានឹងត្រូវបានប្រើ ដើម្បីបម្រើរបៀប វារៈភូមិសាស្ត្រនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើឱ្យខូចសន្តិសុខ ផ្ទាល់ខ្លួនរបស់ទីក្រុងម៉ានីល ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានទូតចិននៅទីក្រុងម៉ានីល បានចេញការព្រមានចុងក្រោយបំផុត របស់ខ្លួនដល់រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃអាទិត្យ ដោយលើកឡើងពីការសម្រេច ចិត្តរបស់ប្រធានាធិបតី Ferdinand Marcos Jr. កាលពីខែមុន ក្នុងការផ្តល់ឱ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានយោធា ចំនួន៤បន្ថែមទៀតនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ។

ស្ថានទូតចិនបាននិយាយថា កិច្ចសហប្រតិបត្តិការ បែបនេះនឹង «ទាញហ្វីលីពីនប្រឆាំងនឹងចិន ហើយចងប្រទេសនេះ ទៅនឹងរទេះនៃជម្លោះភូមិសាស្ត្រនយោបាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ជាតិហ្វីលីពីន និងសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ចាប់តាំងពីលោក Marcos ឡើងកាន់តំណែង កាលពីរដូវក្តៅមុន ទំនាក់ទំនងជាមួយទីក្រុងប៉េកាំងកាន់តែតានតឹងឡើង ចំពេលមានជម្លោះទឹកដី នៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារអធិបតេយ្យភាព ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានទៅទស្សនកិច្ចប្រទេសកោះនេះ កាលពីខែវិច្ឆិកាមុន ដោយនិយាយថា ពិភពលោកកំពុង “កំពុងប្រឈមមុខនឹងការរំលោភ លើសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់”៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top