ព័ត៌មានអន្តរជាតិ

ជំនួយឆ្នាំ២០២២ របស់ប៉ូឡូញ ទៅកាន់អ៊ុយក្រែន ស្មើនឹង ១ភាគរយនៃផលិតផល ក្នុងស្រុកសរុប

WARSAW៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ លោកស្រី Magdalena Rzeczkowska បានឲ្យដឹងថា ជំនួយដែលទីក្រុង Warsaw បានផ្តល់ឱ្យអ៊ុយក្រែន កាលពីឆ្នាំមុនស្មើនឹង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសប៉ូឡូញ។

ប្រទេសប៉ូឡូញ បានបើកព្រំដែនរបស់ខ្លួនដល់ប្រជាជនអ៊ុយក្រែន រាប់លាននាក់ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយបានណែនាំគម្រោងជំនួយមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Rzeczkowska បានប្រាប់វិទ្យុ Radio Zet ឲ្យដឹងថា “ការចំណាយនៃការជួយអ៊ុយក្រែន គឺប្រហែល ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបដែលស្មើនឹង ៣០ ពាន់លាន zloty ឬ(៦,៩ ពាន់លានដុល្លារ)” ។

លោកស្រីបានបន្ដថា ជំនួយនេះបានមកពីថវិកាកណ្តាលរបស់ប្រទេសប៉ូឡូញ ថវិការដ្ឋាភិបាលក្នុងតំបន់ និងថវិការបស់យោធា។ យោងតាមការប៉ាន់ស្មានបឋម ដែលចេញផ្សាយដោយស្ថិតិប៉ូឡូញក្នុងខែមករា GDP ពិតប្រាកដរបស់ប្រទេសបានកើនឡើង ៤,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២២។

លោកស្រីរដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា ពលរដ្ឋអ៊ុយក្រែនប្រហែល ៧៨ម៉ឺន នាក់កំពុងធ្វើការនៅក្នុងប្រទេសប៉ូឡូញ ហើយពួកគេមួយចំនួនបានបង្កើតអាជីវកម្មនៅក្នុងប្រទេស “ដូច្នេះតាមរបៀប ដែលពួកគេក៏កំពុងរួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top