ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូត អាមេរិក ៖ លោក ពូទីន បានធ្វើឲ្យលោក ស៊ី ជីនពីង អាម៉ាស់មុខជាមួយនឹងការ សម្រេចចិត្តដាក់អាវុធ នុយក្លេអ៊ែរនៅបេឡារុស្ស

វ៉ាស៊ីនតោន ៖ លោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន មិនយកចិត្តទុកដាក់ ចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយការ ដាក់អាវុធ នុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីពួកគេទាំងពីរ បានព្រមព្រៀងគ្នា មិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរ លើសពីទឹកដីជាតិរបស់ពួកគេ ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រទៅកាន់ ប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដោយបានព្រមាន ដល់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប ដែលគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ។

ទង្វើនេះអាចកត់សម្គាល់ជាលើកដំបូង ដែលរុស្ស៊ីដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ នៅខាងក្រៅប្រទេសរបស់ខ្លួន បន្ទាប់ពីការដកអាវុធបែបនេះ ពីអតីតសាធារណរដ្ឋសហភាពសូវៀត បន្ទាប់ពីការដួលរលំនៅឆ្នាំ១៩៩១ ។

ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រ ដែលអាចធ្វើទៅបាន ដែលត្រូវបានរចនាឡើង សម្រាប់ប្រើ ប្រាស់នៅលើ សមរភូមិសម្រាប់ការវាយប្រហារ មានកំណត់ អាចបង្កើនភាពតានតឹងរវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង។ រដ្ឋាភិបាល​អាមេរិក ​បាន​បង្ហាញ​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ ​ដោយ​​ថា​ខ្លួន​មិន​បាន​ឃើញ​សញ្ញា​ណា​មួយ ​ដែល​រុស្ស៊ី​កំពុង​រៀបចំ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍រដ្ឋមួយ លោក ពូទីន បានលើកឡើងថា កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែកក្កដា នៅលើទឹកដីបេឡារុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបាន ដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីថា “សហរដ្ឋអាមេរិក បានធ្វើរឿងនេះអស់ជាច្រើន ទសវត្សរ៍មកហើយ” ។ ពួកគេបានដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់ពួកគេនៅលើទឹកដី នៃប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ គឺប្រទេសណាតូ នៅក្នុងទ្វីបអឺរ៉ុប តាំងពីយូរយារណាស់មកហើយ” ។

លោកបានបន្ដថា ប្រទេសរុស្ស៊ី បានយល់ព្រមជាមួយ ប្រទេសបេឡារុស្ស ដើម្បី “ធ្វើដូចគ្នា” ខណៈពេលដែលទទូចថា ទីក្រុងម៉ូស្គូ មិនមានចេតនារំលោភ លើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ស្តីពីការមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរនោះទេ។

រុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាង របស់ខ្លួនកាលពីមួយឆ្នាំមុន បន្ទាប់ពីបានអះអាងថា សន្តិសុខរបស់ខ្លួនកំពុងស្ថិត ក្រោមការគំរាមកំហែងពីការពង្រីក សក្តានុពលរបស់អង្គការណាតូ និងលទ្ធភាពរបស់អ៊ុយក្រែន ក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្ត៕

Most Popular

To Top