ចិន ៖ អ្នកជំនាញ បាននិយាយថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Alibaba Group នឹងធ្វើឲ្យបច្ចេកវិទ្យា ទម្ងន់ធ្ងន់កាន់តែមានភាពរហ័សរហួន ក្នុងការចាប់យកឱកាសអាជីវកម្មថ្មីៗ ទទួលបានតម្លៃ ទីផ្សារខ្ពស់ និងបញ្ចូលភាពរឹងមាំ ទៅក្នុងការបង្កើតថ្មី ផ្នែកបច្ចេកវិទ្យា ពីអង្គភាពអាជីវកម្មចម្រុះរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ពួកគេបានបន្ថែមថា កំណែទម្រង់នេះធ្វើឡើងដោយការ សង្កត់ធ្ងន់របស់ប្រទេស លើការលើកទឹកចិត្ត និងគាំទ្រ ដល់វិស័យឯកជន និងសហគ្រាសវេទិកា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកការងារ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានកើនឡើង ១២.២៣ ភាគរយកាលពីថ្ងៃពុធ ដើម្បីបិទនៅតម្លៃ ១២.០៥ ដុល្លារលើទីផ្សារភាគហ៊ុនហុងកុង ។ ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត រួមទាំង JD និង Baidu ក៏បានឃើញតម្លៃភាគហ៊ុន របស់ពួកគេកើនឡើងផងដែរ ។
អ្នកជំនាញបាននិយាយថា ការផ្លាស់ប្តូរនេះទំនង ជានឹងជំរុញឲ្យមានការវាយតម្លៃឡើងវិញនៃក្រុមហ៊ុន Alibaba ធ្វើឲ្យអង្គភាពអាជីវកម្មនីមួយៗ របស់ខ្លួនប្រមូលមូលនិធិ ដោយឡែកពីគ្នា និងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិនផ្សេងទៀត ដើម្បីធ្វើការរៀបចំរចនា សម្ព័ន្ធស្រដៀងគ្នានេះ ។
ក្រុមហ៊ុន Alibaba បានប្រកាសកាលពី យប់ថ្ងៃអង្គារថា ខ្លួននឹងបែងចែកអាជីវកម្មរបស់ខ្លួនជា ៦ អង្គភាពសំខាន់ៗ ដោយអាជីវកម្មដាច់ដោយឡែកនីមួយៗ មានភាពបត់បែនក្នុងការបង្កើនដើមទុន ខាងក្រៅ និងស្វែងរកការផ្តល់ ជូនជាសាធារណៈដំបូងរបស់ខ្លួន ជាការផ្លាស់ប្តូរស្ថាប័ន ដ៏សំខាន់បំផុត ចំពោះក្រុមហ៊ុននៅក្នុងប្រវត្តិសាស្រ្ត ២៤ ឆ្នាំ ។
លោក Zhang Yong ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba បាននិយាយលើលិខិតផ្ទៃក្នុងមួយ ទៅកាន់បុគ្គលិកថា អង្គភាពទាំងប្រាំមួយនឹង គ្របដណ្តប់លើ Cloud Intelligence, Taobao Tmall commerce, សេវាកម្មក្នុងស្រុក, Cainiao smart logistics, ពាណិជ្ជកម្មឌីជីថលសកល និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការកម្សាន្ត ។
Alibaba បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងពិភាក្សាបន្ថែមទៀត អំពីរចនាសម្ព័ន្ធអង្គការ និងអភិបាលកិច្ចថ្មីនៅថ្ងៃព្រហស្បតិ៍។ ការប្រកាសរៀបចំរចនាសម្ព័ន្ធឡើង វិញ បានកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថាបនិក Alibaba លោក Jack Ma ត្រូវបានគេប្រទះឃើញនៅសាលា បឋមសិក្សាមួយ ក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ដោយបានបង្ហាញខ្លួនជាសាធារណៈ លើកដំបូងរបស់គាត់នៅលើដីគោក របស់ប្រទេសចិនក្នុងរយៈពេលជាងមួយឆ្នាំ ៕