ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី ទទួលបានរថក្រោះទំនើប ជាច្រើនរយគ្រឿង ក្នុងពេលប្រតិបត្តិការប្រយុទ្ធ ជាមួយអ៊ុយក្រែន កំពុងបន្ត

បរទេស៖ ប្រភពមួយបានប្រាប់ Sputnik កាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលរថក្រោះជាច្រើនរយគ្រឿង ដែលទើបផលិតថ្មីៗ ភាគច្រើនជា T-90M Proryv សម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងផ្អែកតាមប្រភព ដែលបាននិយាយថា “រហូតមកដល់បច្ចុប្បន្ន ឧស្សាហកម្មការពារជាតិរុស្ស៊ី បានបញ្ជូនរថក្រោះថ្មីៗជាច្រើនរយគ្រឿង ទៅកាន់តំបន់ប្រយុទ្ធ។ រថក្រោះទាំងនេះភាគច្រើន ជារថក្រោះប្រភេទ T-90M Proryv ក៏ដូចជារថក្រោះ T-72B3M ទំនើបកម្មយ៉ាងស៊ីជម្រៅ” ។

ប្រភពបានបន្ថែមថា “បើនិយាយពីលក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រ រួមទាំងអាវុធ ប្រព័ន្ធគ្រប់គ្រងភ្លើង ការការពារ ការចល័ត និងការយល់ដឹងពីស្ថានភាព រថក្រោះទាំងនេះយ៉ាងហោចណាស់ នៅកម្រិតនៃយានយន្តបរទេសទំនើបបំផុត”។

ប្រភពដដែលបន្ថែមថា ជាមួយគ្នានេះ យើងអាចនិយាយដោយទំនុកចិត្តថា T-90M និង T-72B3M មានភាពអស្ចារ្យទាំងស្រុង ទាក់ទងនឹងលក្ខណៈប្រយុទ្ធចំពោះរថក្រោះទាំងនោះ ដែលកងទ័ពអ៊ុយក្រែនមាន ឬនឹងទទួលបានក្នុងពេលដ៏ខ្លីខាងមុខនេះ ពីប្រទេសណាតូ។

លើសពីនេះ រថក្រោះ T-90M និង T-72B3M ត្រូវបានបំពាក់ដោយពាសដែកប្រតិកម្មបន្ថែម ដែលការពារឧបករណ៍ប្រឆាំង នឹងអាវុធប្រឆាំងរថក្រោះ ពីស្ទើរតែគ្រប់ជ្រុងទាំងអស់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top