ព័ត៌មានអន្តរជាតិ

អាមេរិក ​ប្រើប្រាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា ​គ្រប់គ្រង​អ៊ីនធឺណិត ​ដើម្បី​ឈ្លបយកការណ៍​ពិភពលោក

គ៊ែរ៖ ខណៈពេលដែលជំរុញឱ្យមាន ការហាមប្រាមនៅលើកម្មវិធី TikTok ជុំវិញការអះអាងថា ប្រទេសចិន ប្រើប្រាស់កម្មវិធីដ៏ពេញនិយម ដើម្បីឈ្លបយកការណ៍លើជនជាតិអាមេរិក រដ្ឋាភិបាលសហរដ្ឋអាមេរិកខ្លួនឯង បានស៊ើបការណ៍លើពិភពលោក ដោយប្រើក្រុមហ៊ុនបច្ចេកវិទ្យា ដែលគ្រប់គ្រងអ៊ីនធឺណេតពិភពលោក ប្រកបដោយប្រសិទ្ធភាព។

របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក អនុញ្ញាតឱ្យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់របស់ខ្លួន “អនុវត្តការធ្វើចារកម្មដោយគ្មានការធានា” លើអ៊ីមែល ទូរស័ព្ទ និងការទំនាក់ទំនងតាមអ៊ីនធឺណិត ផ្សេងទៀតរបស់ជនបរទេស។

បើប្រៀបធៀបជាមួយប្រទេសដទៃទៀត ទីក្រុងវ៉ាស៊ីនតោន មានអត្ថប្រយោជន៍ក្នុងការមាន យុត្តាធិការលើក្រុមហ៊ុនមួយចំនួនតូច ដែលដំណើរការអ៊ីនធឺណិតទំនើប ប្រកបដោយប្រសិទ្ធភាព រួមមាន Google, Meta, Amazon និង Microsoft ។

លោក Asher Wolf អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងអ្នកតស៊ូមតិឯកជន ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ត្រូវបានគេដកស្រង់សម្តីថា “វាគឺជាករណីនៃ “ច្បាប់ សម្រាប់អ្នក ប៉ុន្តែមិនមែនសម្រាប់ខ្ញុំនោះទេ” ។

របាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក បានកំណត់គោលដៅ “មនុស្សមិនមែននៅក្នុងសហរដ្ឋអាមេរិក” ចំនួន ២៣២,៤៣២នាក់ សម្រាប់ការឃ្លាំមើលនៅឆ្នាំ២០២១ នៅពេលដែលឆ្នាំចុងក្រោយបំផុត ដែលទិន្នន័យអាចរកបាន។

សហភាពសេរីភាពស៊ីវិលអាមេរិក (ACLU) ប៉ាន់ប្រមាណថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រមូលទំនាក់ទំនងច្រើនជាង ១ពាន់លានក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១១ មក។ មាន​ការ​បង្ហាញ​ខ្លះៗ ​ដែល​មន្ត្រី​អាមេរិក ​មើល​ឃើញកម្មវិធី TikTok របស់​ប្រទេស​ចិន ជា​ជាងខ្លួន​ឯង​ជា​ការ​ព្រួយ​បារម្ភ​ចុងក្រោយ។

លោក Vedran Sekara ជំនួយការសាស្រ្តាចារ្យនៅសកលវិទ្យាល័យ IT នៃទីក្រុង Copenhagen ត្រូវបានដកស្រង់សម្តីថា ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកក្នុងការរឹតបន្តឹង TikTok ហាក់ដូចជា “នយោបាយច្រើនជាងគោលនយោបាយល្អ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top