ព័ត៌មានអន្តរជាតិ

អាមេរិក អំពាវនាវឲ្យពលរដ្ឋខ្លួន ចាកចេញពីរុស្ស៊ី ឲ្យបានឆាប់បំផុត

បរទេស៖ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអំពាវនាវឲ្យជនជាតិអាមេរិក ក្នុងការធ្វើដំណើរចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ក្រោយពេលដែលមានការចាប់ឃាត់ខ្លួន អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់កាសែត The Wall Street Journal។

អ្នកកាសែតលោក Evan Gershkovich ត្រូវបានរដ្ឋាភិបាលទីក្រុងមូស្គូ ចាប់ឃាត់ខ្លួនក្រោយពេលដែល រកឃើញថាគាត់បានព្យាយាម ក្នុងការប្រមូលយកព័ត៌មានសំងាត់ ពីប្រទេសរុស្សីខណៈដែលអាមេរិក បានធ្វើការស្តីបន្ទោសចំពោះការ សម្រេចចិត្តនេះហើយហៅថា ជាសកម្មភាពបំពានសេរីភាព នៃអ្នកសារព័ត៌មានទៀតផង ។

រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាមេរិកលោក Antony Blinken បានធ្វើការថ្លែងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ពិតជាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង អំពីការវិវត្តទៅកិច្ចការងារនេះ ដោយបន្ថែមថាមូស្គូនឹង​បន្ត​ព្យាយាម​បំភិតបំភ័យ គាប​សង្កត់ និង​ដាក់​ទណ្ឌកម្ម​អ្នក​សារព័ត៌មាន និង​សំឡេង​សង្គម​ស៊ីវិល។

មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា៖ យើងរំលឹកឡើងវិញនូវការព្រមានដ៏ខ្លាំងក្លា របស់យើងអំពីគ្រោះថ្នាក់ដែលបង្កឡើង ចំពោះពលរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ហើយចំពោះពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរក្នុងប្រទេសរុស្ស៊ី គួរតែចាកចេញជាបន្ទាន់នៅពេលនេះ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top