ព័ត៌មានអន្តរជាតិ

Update៖ កងទ័ពអាមេរិក ៩នាក់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ឧទ្ធម្ភាគចក្របុកគ្នា នៅដែនដីនៃរដ្ឋ Kentucky

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍កងទ័ពអាមេរិកបានឲ្យដឹងថា ទាហានចំនួន៩នាក់បានស្លាប់ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk ជម្លៀសវេជ្ជសាស្រ្ត២គ្រឿង ក្នុងអំឡុងពេលបេសកកម្មហ្វឹកហ្វឺន ពេលយប់នៅពីលើរដ្ឋ Kentucky ក្នុងឧបទ្ទវហេតុហ្វឹកហ្វឺនដ៏សាហាវបំផុតមួយ របស់យោធាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

សមាជិកនាវិកដែលប្រើវ៉ែនតា សម្រាប់មើលពេលយប់ បានកំពុងហោះហើរឧទ្ធម្ភាគចក្រ HH-60 Black Hawk ចំនួន២គ្រឿង ដែលដំណើរការដោយកងពលធំទី101 របស់កងទ័ព នៅគ្រាដែលយន្តហោះនោះបានធ្លាក់នៅវាលស្រែមួយ កាលពីល្ងាចថ្ងៃពុធលើតំបន់ Trigg នៃរដ្ឋ Kentucky ។

ឧត្តមសេនីយទោ John Lubas មេបញ្ជាការរងនៃកងពលធំ ទទួលបន្ទុកប្រតិបត្តិការ បានលើកឡើងថា រហូតមកដល់ពេលនេះគេ ដឹងតិចតួចអំពីមូលហេតុ ដែលឧទ្ធម្ភាគចក្រធ្លាក់ ហើយគាត់ទទួលស្គាល់ថា គាត់មិនច្បាស់ ថាតើ យន្តហោះទាំងនោះបុកហើយ បានធ្លាក់ចូលគ្នាឬអត់នោះទេ ។

លោក Lubas បានបញ្ជាក់ថា ក្រុមស៊ើបអង្កេតសុវត្ថិភាពយន្តហោះមកពី Fort Rucker ក្នុងរដ្ឋ Alabama នឹងមកដល់នៅពេលក្រោយនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលទិន្នន័យ ពីកុំព្យូទ័រនៅលើយន្តហោះ ដែលគាត់បានលើកឡើងថា ស្រដៀងនឹងប្រអប់ខ្មៅ នៅក្នុងយន្តហោះពាណិជ្ជកម្មដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top