បរទេស ៖ តួលេខជាផ្លូវការ ចេញផ្សាយដោយភាគី ខាងប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងមកនេះ បានបង្ហាញថាការនាំចេញស្រាក្រហម ពីប្រទេសអ៊ីតាលី ទៅកាន់ប្រទេសរុស្សី កាលពីឆ្នាំ២០២២ ទទួលបានកំណើនដល់ទៅ១៦ភាគរយ ឬត្រូវជាទឹកប្រាក់១៧២លានអឺរ៉ូ ឬត្រូវជា១៨៧លានដុល្លារ។
គិតត្រឹមប្រភេទស្រា Sparkling មានចំនួនច្រើនជាងពាក់កណ្តាល នៃការនាំចេញស្រាអ៊ីតាលី ទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំមុនជាមួយនឹងចំណែករបស់ Prosecco ដែលការលក់បានឈានដល់ ៤៨ លានអឺរ៉ូ ពោលគឺ ស្ថិតនៅក្នុងអត្រាកើនឡើង ៣០ភាគរយ ធៀបទៅនឹងឆ្នាំចាស់។
គិតជាទឹកប្រាក់សរុប ដែលប្រភេទស្រា Sparkling ដែលអ៊ីតាលីបាននាំចេញទៅរុស្សីមានកំណើន ប្រមាណជា២៨ភាគរយ ឬត្រូវជាទឹកប្រាក់៩១លានអឺរ៉ូ។
កាលពីខែធ្នូចុងឆ្នាំ ទិន្នន័យពាណិជ្ជកម្ម ដែលតាមដានដោយនាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទ របស់គណៈកម្មការអឺរ៉ុបបានបង្ហាញថា ការនាំចេញស្រាពីរដ្ឋ សមាជិកសហភាពអឺរ៉ុប ទាំងអស់ទៅកាន់ប្រទេសរុស្ស៊ីឃើញថាមានកំណើន ៤០ភាគរយ ចាប់ពីខែសីហាដល់ខែតុលា ឆ្នាំ ២០២២ដោយក្នុងនោះប្រទេស អ៊ីតាលី បារាំង និងអេស្បាញជាប់ចំណាត់ ថ្នាក់ក្នុងចំណោមប្រទេសនាំចេញធំបំផុត៕
ប្រែសម្រួល៖ស៊ុនលី