ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ៖ បារាំង នឹងដំឡើងអាយុសម្រាប់ទាហានបម្រុងឱ្យដល់ ៧០ឆ្នាំ

បរទេស៖ ប្រទេសបារាំង បានកំណត់ឱ្យដំឡើងអាយុអតិបរមាសម្រាប់អ្នកបម្រុងយោធាដល់ ៧០ឆ្នាំ ដោយ “អ្នកឯកទេសមួយចំនួន” ត្រូវបានអនុញ្ញាតឱ្យបន្តតួនាទីរហូតដល់អាយុ ៧២ ឆ្នាំ។ នេះបើតាមលោក Sebastien Lecornu រដ្ឋមន្ត្រីក្រសួងការពារជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីរូបនេះបានបង្ហាញពីការតម្លើងដែលនឹងមកដល់ ក្នុងពេលសម្ភាសន៍ជាមួយនឹងទូរទស្សន៍ RTL របស់បារាំងកាលពីថ្ងៃអង្គារ ដោយបានពន្យល់ថា៖ «មនុស្សជាច្រើនដែលមានគុណភាពយល់ថាខ្លួនគេត្រូវបានគេបណ្តេញចេញដោយសារការកំណត់អាយុនេះ ដែលគ្មានន័យអ្វីសោះ»។

លោក Lecornu បាននិយាយថា “យើងនឹងបង្កើនដែនកំណត់អាយុ… ប្រជាជននឹងអាចក្លាយជាអ្នកបម្រុងនៅក្នុងយោធាបារាំងរហូតដល់ពួកគេមានអាយុ ៧០ ឆ្នាំ និងរហូតដល់អាយុ ៧២ ឆ្នាំសម្រាប់អ្នកឯកទេសមួយចំនួន” ។

អាយុអតិបរមាបច្ចុប្បន្នគឺចន្លោះពី ៦០ឆ្នាំ ទៅ ៦៥ អាស្រ័យលើតួនាទីរបស់ទាហាន។ បន្ថែមពីលើការបង្កើនកម្រិតអាយុយ៉ាងសំខាន់ ប្រទេសបារាំងក៏ស្វែងរកការបង្កើនកម្លាំងបម្រុងរបស់ខ្លួនទ្វេដងពី ៤០ ០០០នាក់ ទៅ ៨០ ០០០នាក់ នៅពេលបច្ចុប្បន្ន៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top