ព័ត៌មានអន្តរជាតិ

កូនប្រុសរបស់អ្នក នាំពាក្យវិមានក្រឹមឡាំង បម្រើការក្នុងក្រុមហ៊ុន ទាហានស៊ីឈ្នួលឯកជនរុស្ស៊ី Wagner

បរទេស៖ លោក Yevgeny Prigozhin ប្រធានក្រុមហ៊ុន Wagner Group ដែលជាក្រុមហ៊ុន ទាហានស៊ីឈ្នួលបានអះអាងថា កូនប្រុសម្នាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំងគឺ លោក Dmitry Peskov បានបម្រើការនៅក្នុងក្រុមហ៊ុនឯកជនយោធារុស្ស៊ី មួយនេះ។

ថៅកែ PMC បានបញ្ចេញឱ្យដឹងបែបនេះ នៅក្នុងបទសម្ភាសន៍ជួរមុខ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោក Prigozhin ថា “មនុស្សម្នាក់ដែលខ្ញុំស្គាល់គឺ [អ្នកនាំពាក្យវិមានក្រឹមឡាំង] លោក Dmitry Peskov ដែលនៅពេលមួយធ្លាប់ត្រូវបាន គេចាត់ទុកថាជាអ្នកសេរីពេញលេញ” ។

លោកថា “កូនប្រុសរបស់គាត់បានរស់នៅក្នុង ផ្នែកមួយនៃជីវិតរបស់គាត់នៅអាមេរិក ប្រសិនបើខ្ញុំមិនច្រឡំ ឬនៅប្រទេសអង់គ្លេស … លោក Peskov បានមករកខ្ញុំ ហើយនិយាយថា ‘យកគាត់ឱ្យធ្វើជាអ្នកកាន់កាំភ្លើងធំធម្មតា’ ។ និយាយអីញ្ចឹង គាត់បានធ្វើការយ៉ាងល្អ ក្នុងនាមជាអ្នកបាញ់កាំភ្លើងធម្មតា ជង្គង់កប់ក្នុងភក់ជ្រៅ នៅលើ Uragan” គាត់បាននិយាយបន្ថែមដោយ សំដៅទៅលើប្រព័ន្ធបាញ់កាំជ្រួចពហុគ្រាប់រ៉ុក្កែត ២២០ មីលីម៉ែត្ររបស់រុស្ស៊ី BM-27 Uragan ។

លោក Prigozhin មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ទាំងមិនបានបញ្ជាក់ពីជម្លោះណាមួយដែលកូនប្រុសរបស់ Peskov បានចូលរួម ឬសូម្បីតែដាក់ឈ្មោះគាត់ឱ្យច្បាស់លាស់។ រហូតមកដល់ពេលនេះលោក Dmitry Peskov មិនបានធ្វើការកត់សម្គាល់ជាសាធារណៈ ណាមួយទៅលើការអះអាងរបស់លោក Prigozhin នោះទេ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top