សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ជាលើកដំបូងហើយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០នាវាមុជទឹកបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប ហៅកាត់ថា (SSBN) របស់កងទ័ពជើងទឹករបស់អាមេរិកនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីជួយបង្ហាញពីការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារប្រទេសនេះពីការវាយប្រហាររបស់កូរ៉េខាងជើង ។
សម្រាប់ដំណើរទស្សនកិច្ចនេះត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ។
ដោយសារតែនាវា SSBNs របស់សហរដ្ឋអាមេរិក ពឹងផ្អែកលើការសម្ងាត់ និងការបំបាំងកាយដើម្បីធានាបាននូវការរស់រានមានជីវិត និងរក្សាសមត្ថភាពរបស់ពួកគេក្នុងការបាញ់បង្ហោះមីស៊ីលនុយក្លេអ៊ែរក្នុងអំឡុងពេលសង្រ្គាម ពួកគេកម្រនឹងធ្វើការជាសាធារណៈនៅក្នុងកំពង់ផែបរទេសណាមួយឡើយ ។
លោក Moon Keun-sik ប្រធានក្រុមនាវាមុជទឹកកូរ៉េខាងត្បូងដែលចូលនិវត្តន៍ និងជាមេដឹកនាំកងនាវាបានលើកឡើងថា “នោះអាចជាសម្ពាធដ៏ធំមួយទៅលើកូរ៉េខាងជើង ពីព្រោះជាធម្មតា ពួកគេមិនចែករំលែកកន្លែងដែលនាវាមុជទឹកទាំងនោះស្ថិតនៅឡើយ” ។
សហរដ្ឋអាមេរិក បានសន្យាថា នឹងដាក់ពង្រាយអ្វីដែលគេហៅថា “ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ” បន្ថែមទៀតដូចជា នាវាផ្ទុកយន្តហោះ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីរារាំងប្រទេសកូរ៉េខាងជើង ដែលបានអភិវឌ្ឍមីស៊ីលដ៏មានឥទ្ធិពលដែលអាចវាយប្រហារគោលដៅពីកូរ៉េខាងត្បូងទៅ សហរដ្ឋអាមេរិកដីគោគ៕